(ភ្នំពេញ)៖ ជឿង ថេង ដែលត្រូវបានគេដឹងថា ជាមន្រ្តីយោធា ពីមុនធ្វើការនៅស្រុកឱរ៉ាល់ និងបច្ចុប្បន្ននៅយោធភូមិភាគទី៣ ដែលជាឈ្មួញ រកស៊ីឈើដ៏ល្បី ប្រចាំខេត្តកំពង់ស្ពឺ រហូតដល់ខេត្តពោធិ៍សាត់ផងដែរនោះ ត្រូវបានអស់លក្ខណ៍នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧នេះហើយ បន្ទាប់ពីកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា ចាប់ខ្លួនតាមដីការបស់ចៅក្រមសាលាដំបូង រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃនេះថា «ជននេះ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស នាំខ្លួននាព្រឹកមិញ នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល អនុវត្តតាមដីការបស់សាលាដំបូង រាជធានីភ្នំពេញ ដែលបានចោទប្រកាន់ ពាក់ព័ន្ធនឹងការប្រមូល និងដឹកជញ្ជូនអនុផលព្រៃឈើ គ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ»

បើតាមលោកឧត្តមសេនីយ៍ត្រី ក្រោយការឃាត់ខ្លួន កម្លាំងអាវុធហត្ថបាននាំជននេះ ទៅឃុំខ្លួនជាបណ្ដោះអាសន្ន​នៅពន្ធនាគារព្រៃស។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ មន្រ្តីយោធា និងជាឈ្មួញរកស៊ីឈើដ៏ធំប្រចាំខេត្តកំពង់ស្ពឺរូបនេះ ធ្លាប់បានដឹកជញ្ជូនឈើ បណ្ដាលឲ្យបាក់ស្ពាន នៅស្រុកឈូក ខេត្តកំពត បន្ទាប់មកនៅអំឡុងខែធ្នូ ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចចម្រុះ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា បានចុះទៅបង្ក្រាប និងឆែកឆេរឃ្លាំងស្តុកឈើរបស់ឈ្មួញនេះ ចំនួន៨ទីតាំង ស្ថិតនៅភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

មន្រ្តីអាវុធហត្ថខេត្តកំពង់ស្ពឺម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា បន្ទាប់ពីមានដីការបស់តុលាការ​តាមឲ្យចាប់ខ្លួនរួចមក ឈ្មួញឈើ ជឿង ថេង បានសម្ងំលាក់ខ្លួននៅក្នុងបន្ទាយយោធារបស់ខ្លួន ប៉ុន្តែពេលជននេះ បានឲ្យភរិយាបន្តរកស៊ីឈើដដែល។ រហូតភ្លេចខ្លួនពេលចេញពីបន្ទាយ ក៏ត្រូវបានកម្លាំអាវុធហ្ថតចាប់បញ្ជូន​ទៅកាន់ពន្ធនាគារតែម្ដង៕

ជឿង ថេង ឈ្មួញរកសុីឈើនៅកំពង់ស្ពឺ ចាប់បានហើយ