(ភ្នំពេញ)៖ ក្រុមហ៊ុនលក់គ្រឿងទេសមួយ មានទីតាំងនៅរាជធានីភ្នំពេញ បានប្រកាសតាមរកបុគ្គលឈ្មោះ និត សោភ័ណ្ឌ ឬ នី ម៉ានិត ជាអាជីវករលក់ដុំ និងរាយឥវ៉ាន់គ្រប់ប្រភេទ ដើម្បីឲ្យសងប្រាក់ដែលជំពាក់ ជាង១០,០០០ដុល្លារ សងទៅឲ្យក្រុមហ៊ុនវិញ ក្រោយគេចខ្លួនបាត់អស់ពេលយ៉ាងយូរ។
តំណាងក្រុមហ៊ុនលក់គ្រឿងទេសខាងលើ បានឲ្យដឹងថា ដោយសារទុកចិត្តលើបុគ្គលឈ្មោះ និត សោភ័ណ្ឌ នេះ ទើបក្រុមហ៊ុនហ៊ានឲ្យជំពាក់ប្រាក់ថ្លៃទិញទំនិញលក់ដូរប្រចាំថ្ងៃ កត់ចូលតែក្នុងវិក្ក័យបត្រជាបន្តបន្ទាប់ រហូតឡើងដល់៦សន្លឹក សរុបទឹកប្រាក់ជាង១០,០០០ដុល្លារ។
ក្រោយជំពាក់ប្រាក់ជាង១០,០០០ដុល្លារនេះហើយ ឈ្មោះ និត សោភ័ណ្ឌ បានសន្យាថានឹងនៅថ្ងៃនេះ នៅថ្ងៃនោះ តែមិនឃើញសងសោះ រហូតដល់គេចខ្លួនបាត់ស្រមោលតែម្ដង មិនឃើញផ្ដល់ដំណឹងរឿងសងប្រាក់ទៅក្រុមហ៊ុនវិញសោះ។
ដោយយោគយល់ដល់ទំនាក់ទំនងជាមួយកូនបំណុល និងមិនចង់ឲ្យមានការខាតបង់រៀងខ្លួន ក្រុមហ៊ុនខាងលើ មិនបានប្ដឹងផ្ដល់អ្វីឡើយ រងចាំឈ្មោះ និត សោភ័ណ្ឌ ចូលខ្លួនទៅដោះស្រាយ និងសងប្រាក់ជាមួយក្រុមហ៊ុនផ្ទាល់។
ក្រុមហ៊ុនម្ចាស់បំណុល បានបញ្ជាក់ថា បើបុគ្គល និត សោភ័ណ្ឌ មិនចូលខ្លួនទៅដោះស្រាយទេនោះ ក្រុមហ៊ុននឹងដាក់ពាក្យបណ្ដឹងទៅតុលាការ ឲ្យតាមចាប់ខ្លួនយកទៅអនុវត្តទោសជាក់ជាមិនខាន៕