(ភ្នំពេញ)៖ គរុសិស្ស និងលោកគ្រូអ្នកគ្រូ ប្រមាណ២០០នាក់ បានចូលរួមទស្សនាភាពយន្តខ្មែររឿង «ទឹកចិត្តម្តាយសម័យថ្មី» ដោយឥតគិតថ្លៃ នៅរោងភាពយន្តទំនើប Major Cineplex នាផ្សារទំនើបអ៊ីអន នៅសប្តាហ៍នេះ។ បន្ទាប់ពីទស្សនារឿងនេះ គរុសិស្ស និងលោកគ្រូអ្នកគ្រូ បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះភាពយន្តថ្មី ក៏ដូចជាគាំទ្រដល់រោងភាពយន្ត Major Cineplex ផងដែរ។
នេះជាកម្មវិធីថ្មីរបស់ រោងភាពយន្ត Major Cineplex by Cellcard សហការជាមួយផលិតកម្ម ថោន ដើម្បីអញ្ជើញ គរុសិស្ស ដែលត្រៀមក្លាយជាគ្រូបង្រៀន និងលោកគ្រូអ្នកគ្រូ មកទស្សនាដោយឥតគិតថ្លៃ។
ប្រធានផ្នែកទីផ្សារ រោងភាពយន្ត Major Cineplex by Cellcard អ្នកនាង ហ៊ាងស្រីជា បាននិយាយថា «យើងមានអារម្មណ៍ក្តុកក្តួលលាយឡំនិងរំភើបរីករាយ ពេលឃើញ ពួកគាត់និយាយទាំងស្រក់ទឹកភ្នែក ថានេះជាលើកទីមួយ ដែលពួកគាត់បានមកដល់រោងភាពយន្តទំនើបនេះ និង ថ្លែងអំណរគុណដល់ក្រុមការងារ និងរោងភាពយន្ត ដែលបានផ្តល់ឱកាសឲ្យពួកគាត់”។
អ្នកនាង ហ៊ាងស្រីជា បានបន្តថា រោងភាពយន្តលំដាប់អន្តរជាតិឈានមុខគេមួយនេះ តែងតែផ្តោតលើការជួយសង្គម។ យ៉ាងណាមិញការចាក់បញ្ចាំងខ្សែរភាពយន្តនេះ ក្នុងគោលបំនងផ្តល់ឱកាសឲ្យពួកគាត់ បានស្គាល់ពីបច្ចេកវិទ្យា និងបទពិសោធន៍ទស្សនា ខ្សែភាពយន្តពីរោងភាពយន្តទំនើបនេះដោយឥតគិតថ្លៃ។
លោក ករុណា ពេជ្រ ប្រធានគ្រប់គ្រង ផលិតកម្មថោន បានឲ្យដឹងថា ភាគច្រើននៃគរុសិស្ស ដែលចូលរួមការទស្សនានេះ ជានារីដែលមកបណ្តាលខេត្តឆ្ងាយៗ។ លោកផ្ទាល់ចង់ឲ្យពួកគាត់ បានស្គាល់ពីបច្ចេកវិទ្យាថ្មី ពីរោងភាពយន្តទំនើប ក៏ដូចជាឲ្យពួកគាត់បានទស្សនារឿងបង្ហាញពីបញ្ហាសង្គមគ្រប់ស្រទាប់វណ្ណៈ។ នេះជាលើកទី២ហើយ ដែលរោងភាពយន្ត Major Cineplex Cambodia by Cellcard បានសហការជាមួយនឹងផលិតកម្មថោន បានរៀបចំកម្មវិធីចាក់បញ្ចាំង ដោយឥតគិតថ្លៃនេះឡើង។
គួររំលឹកផងដែរថា កាលពីលើកទី១ អ្នកធាក់ស៊ីក្លូប្រមាណ ២០០ នាក់ ត្រូវបានអញ្ជើញមកទស្សនារឿង ទឹកចិត្តម្តាយសម័យថ្មីនេះ។ ទឹកចិត្តម្តាយសម័យថ្មី ជាខ្សែភាពយន្តអប់រំ ខ្នាតធំ កំរិត 4.5Kដែលឆ្លុះបញ្ចាំងពីគ្រួសារ ៣ វណ្ណៈផ្សេងគ្នា ដូចជា ម្តាយជាជំទាវ ម្តាយជាអ្នកមានជីវភាពមធ្យម និងម្តាយដែលមានជីវភាពមិនសូវធូរធារ។ បើទោះស្ថិត ក្នុងវណ្ណៈខុសគ្នា តែអ្នកម្តាយទាំងបី មានចិត្តអាណិត ស្រលាញ់កូន ចង់ឲ្យកូនមានក្តីសុខ និងមិនប្រព្រឹត្តអំពើដែលប្រាកចាកនឹងសង្គមនោះទេ៕