(កំពង់ស្ពឺ)៖ មន្រ្តីនគរបាលខេត្តកំពង់ស្ពឺចំនួន២៤៦នាក់ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧នេះ ត្រូវបានថ្នាក់ដឹកនាំទៅបំពាក់ស័ក្តិ និងប្រកាសតែងតាំងមុខតំណែងថ្មី បន្ទាប់ពីពួកគេបានបំពេញភារកិច្ច និងការងារប្រកបដោយប្រសិទ្ធភាព យ៉ាងល្អប្រសើរនាពេលកន្លងទៅ។
ពីធីនេះបានធ្វើឡើងក្រោមវត្តមាន នាយឧត្តមសេនីយ៍ សួង គង្គារ៍ អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយបានចូលរួមផ្សព្វផ្សាយទិសដៅភារកិច្ចឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ។ ពិធីនេះក៏មានការចូលរូមផងដែរពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកប្រធានមន្ទីរជុំវិញខេត្ត ព្រមទាំង មន្ត្រីនគរបាលខេត្តកំពង់ស្ពឺ គ្រប់ស្រុក និងប៉ុស្តិ៍ និងការិយាល័យចំណុះជាច្រើននាក់ផងដែរ។
លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានសង្ខេបរបាយការណ៍ ស្តីពីការអនុវត្តន៍ការងារបង្ការ បង្ក្រាបបទល្មើស រក្សាសន្តិសុខ ប្រចាំឆ្នាំ២០១៧ ក្នុងនោះលោកបានបង្ហាញថា បទល្មើសមានការថយចុះច្រើន។
នាយឧត្តម សួស អង្គារ៍ បានលើកឡើងថា បទល្មើសព្រៃឈើត្រូវតែបង្ក្រាប ត្រូវចាប់មេឈ្មួញឲ្យបានយកមកផ្តន្ទាទោសតាមច្បាប់ កុំទទួលសំណូកជាលុយពីក្រុមឈ្មួញឈើ ហើយមេឈ្មួញឈើមិនមានច្រើនទេត្រូវតែលុបបំបាត់ឲ្យបាន។
នាយឧត្តមសេនីយ៍បន្តថា បញ្ហាគ្រឿងញៀនត្រូវតែបង្ក្រាបមិនរើសមុខ ជាពិសេសនាយប៉ុស្តិ៍ទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ស្រាវជ្រាវ ករណីគ្រឿងញៀន រួមទាំងបទល្មើសនានាឲ្យធានាបានសន្តិសុខសង្គម ដើម្បីធានាបានស្ថេរភាពក្នុងមូលដ្ឋាន។ ក្នុងនោះបន្តយកចិត្តទុកដាក់ ឲ្យបានខ្ពស់ចំពោះការអប់រំពលរដ្ឋឲ្យនាំគ្នាគោរពច្បាប់ចរាចរណ៍ គ្រាដែលខែមីនាកន្លងទៅ មានអ្នកស្លាប់នៅទូទាំងប្រទេសរហូត១៦៧នាក់ ដែលជាចំនួនដ៏ច្រើនគួរព្រួយបារម្មណ៍ ។
ជាចុងក្រោយ នាយឧត្តមសេនីយ៍សង្កត់ធ្ងន់ថា «យើងជាកងកម្លាំងរក្សាឲ្យបានវប្បធម៌ស្រឡាញ់គ្នា គោរពគ្នា ត្រូវចេះយោគយល់គ្នា សាមគ្គីភាពផ្ទៃកននុងឲ្យរឹងម៉ាំ ទើបយើសម្រេចបាននៅភាពរីកចម្រើន និងអភិវឌ្ឍន»៕