(ភ្នំពេញ)៖ លោកស្រី វេជ្ជបណ្ឌិតឱវណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាលបានថ្លែងជម្រុញ និងលើកទឹកចិត្តព្រមទាំងផ្តល់នូវសេចក្តីណែនាំ ជូនដល់មន្ត្រីសុខាភិបាលសំដៅបង្កើនប្រសិទិ្ធភាព ក្នុងការផ្តល់សេវាសុខាភិបាល នៅតាមសហគមន៍ ទាក់ទង នឹងជំងឺអេដស៍ របេង គ្រុនចាញ់ គាំពារមាតានិងទារក ជំងឺឆ្លងផ្សេងៗទៀតនិងបង្កើនការប្រើប្រាស់ប្រព័ន្ធសុខាភិបាលឆ្លើយតប ទៅនឹងតំរូវការរបស់សហគមន៍ ចំនួន៩ខេត្ត ស្ថិតនៅក្រោមគម្រោងពង្រឹងប្រព័ន្ធសុខាភិបាល ដែលផ្តល់ថវិកា ដោយមូលនិធិសកលរួមមានខេត្តមណ្ឌលគីរី រតនៈគីរី ស្ទឹងត្រែង ក្រចេះ ឧត្តរមានជ័យ ព្រះវិហារ ព្រះសីហនុ កោះកុង និង កណ្តាល ។
ការលើកឡើងបែបនេះ គឺបានធ្វើឡើង ក្នុងឱកាសបើកសិក្ខាសាលាតម្រង់ទិសសម្រាប់ការអនុវត្តគម្រោងពង្រឹងប្រពន្ធ័សុខាភិបាល នៃមូលនិធិសកលដែលប្រព្រឹត្តទៅពីថ្ងៃទី៥-៦ ខែមេសាឆ្នាំ២០១៧ ក្រោមកិច្ចសហការរវាងមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព នៃក្រសួងសុខាភិបាល និងអង្គការស៊ីអ័រអេស (CRS)នៅសណ្ឋាគារ អង្គរផាលេស រីសត ខេត្តសៀមរាប ដែលមានសិក្ខាកាមអញ្ជើញចូលរួមសរុបចំនួន៦៥នាក់។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏បានចង្អុលបង្ហាញការយកចិត្តទុកដាក់ លើការអនុវត្តផែនការ យុទ្ធសាស្រ្តសុខាភិបាល ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងប្រពន្ធ័សុខាភិបាល។
លោកស្រីបានបន្ថែម លើបីចំនុចសំខាន់ៗ ១៖ ការពង្រឹងសមត្ថភាព ជំនាញរបស់មន្រ្តីសុខាភិបាល ដើម្បីធានាបាននូវគុណភាពសេវាសុខាភិបាល រួមមានការពង្រឹងសមត្ថភាពបន្តបង្កើនឥរិយាបទវិជ្ជមាន ការគោរពក្រមសីលធ៌មវិជ្ជាជីវៈ ដើម្បីទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវាសុខាភិបាល, ២៖ បង្កើនការប្រើប្រាស់បច្ចេកវិទ្យា ជំរុញការរៀបចំអគារ និងការគ្រប់គ្រងសម្ភារៈបរិក្ខា ការការពារ ការបង្កររោគ ថែរក្សាសណ្ឋាប់ធ្នាប់អនាម័យ និងការគ្រប់គ្រងកាកសំណល់វេជ្ជសាស្ត្រនិងការពង្រឹងការគ្រប់គ្រងប្រពន្ធ័ទិន្នន័យអោយមានប្រសិទ្ធិភាព, ៣៖ បង្កើនប្រសិទិ្ធភាព ក្នុងការផ្តល់សេវា នៅតាមសហគមន៍តាមរយៈការពង្រឹងបណ្តាញសហគមន៍ ក្រុមទ្រទ្រង់សុខភាពភូមិ(VHSGs)និងតួនាទីរបស់គណៈកម្មការមណ្ឌលសុខភាព(HCMC) ដែលតំរូវមានការចូលរួមពីអាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងការចូលរួមចំណែកពង្រឹងគុណភាពសេវាសុខាភិបាលនិងការផ្តល់សេវាប្រកបដោយសមធ៌ម។
ចុងបពា្ចប់លោកស្រី បានប្រសិទ្ធិពរជ័យ ជូនដល់អង្គសិក្ខាសាលាទាំងមូល និងជូនពរដល់សិក្ខាកាមក្នុងឱកាស ចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ សូមសិរីសួស្ដី សាមគ្គីភាព និង សុភមង្គលគ្រប់ក្រុមគ្រួសារ៕