(កំពង់ស្ពឺ)៖ ម្ចាស់ផលិតកម្ម Galaxy លោក ឡេង ណាវ៉ាត់ត្រា និងភរិយា នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧នេះ បាននាំយកអំណោយ និងថវិកាមួយចំនួន ដែលបានមកពីការដាក់បញ្ចាំង​រឿង «កំពូលល្ងង់នៅអាស៊ី»​ចំនួន១០% ទៅចែកជូនដល់បងប្អូន​ប្រជាពលរដ្ឋក្រីក្រ ចំនួនជាង១០០គ្រួសារ ស្ថិតនៅក្នុងភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលជាឱកាសចែកទានដល់បងប្អូន មុនរដូវបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិផងដែរ។

ក្នុងពិធីចែកអំណោយ​ជាស្បៀងអាហារ និងថវិកានៅរសៀលនេះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់អាជ្ញាធរដែនដី ក្នុងនោះមានដូចជាលោក ចែម ភឺនរីមមុនី អភិបាលស្រុកគងពិសី, លោក ឈុន ស៊ីផេង ស្មៀនឃុំព្រះនិព្វាន ព្រមទាំងបងប្អូនប្រជាការពារភូមិ និងប្រជាពលរដ្ឋ​ជាច្រើននាក់។

លោក ឡេង ណាវ៉ាត់ត្រា ម្ចាស់ផលិតកម្ម Galaxy បានថ្លែងក្នុងឱកាសចែកអំណោយនោះថា ជាទឹកចិត្តអាណិតអាសូរ ដល់បងប្អូនក្រីក្រ ដែលជីវិតរបស់លោក ធ្លាប់ជួបប្រទះបែបនេះ នាពេលកន្លងមក និងក៏ចង់បង្ហាញទឹកចិត្តចែករំលែកគ្នា ទើបលោកបានពាំនាំយកនូវអំណោយ និងថវិកាបន្តិចបន្ទួចមកចែកជូន ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រនៅថ្ងៃនេះ តាមរយៈការស្នើសុំរបស់លោកស្មៀនឃុំ។ ម្យ៉ាងទៀត លោកក៏ធ្លាប់ធ្វើសកម្មភាពសប្បុរសធម៌នេះ ជាច្រើនលើកមកហើយ និងជាឱកាសមួយក្នុងការចែកទានដល់ពួកគាត់ ក្នុងរដូវមុនឆ្នាំថ្មីនេះ​ ផងដែរ។

ម្ចាស់ផលិតកម្មវ័យក្មេង មានជីវិតតស៊ូពីក្មេងធ្លាប់ក្រ និងកម្សត់រូបនេះ បានថ្លែងបន្តថា ថវិកាដែលលោកបាននាំយកមក​ថ្ងៃនេះ គឺបានយកមកពីមួយ​ចំណែក នៃថវិកាចំណេញពេល​​ដាក់បញ្ចាំងភាពយន្តរឿង «កំពូលល្ងង់នៅអាស៊ី» កាលពីពេលកន្លងមក ដោយលោកបានយកប្រមាណ​ជា១០ភាគរយ បន្ទាប់ពីទូទាត់ការចំណាយរួចរាល់ ដើម្បីទិញសម្ភារៈខ្លះ មានដូចជា អង្ករ ទឹកត្រី ប្រេងឆា និងជូនជាថវិកាផ្ទាល់តែម្ដង ដល់បងប្អូនទាងនេះ។

ដោយឡែក​លោក ចែម ភឺនរីមមុនី អភិបាលស្រុកគងពិសី ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោក ឡេង ណាវ៉ាត់ត្រា ក៏ដូចជា​ភរិយា ដែលបានចំណាយ​ធនធានផ្ទាល់ខ្លួន សរុបប្រមាណ៤៥០០ដុល្លារអាមេរិក ដើម្បីទិញសម្ភារៈ ចែកជូនដល់បងប្អូនក្រីក្រ និងប្រជាការពារភូមិ ក្នុងមូលដ្ឋានខាងលើ។ លោកបញ្ជាក់ថា នេះជាទឹកចិត្តសប្បុរសមួយ ដែលមិនអាចកាត់ថ្លៃបាន ជូនដល់លោកយាយលោកតាក្រីក្រ ជាពិសេស គឺត្រូវនឹងឱកាសបុណ្យចូលឆ្នាំថ្មី ជិតឈានចូលមកដល់ ក្នុងពេលឆាប់ៗនេះ​តែម្ដង៕