(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញបើកការដ្ឋានជួសជុលផ្លូវលំ នៅភូមិអូរពកសាមគ្គី ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧នេះ បន្ទាប់ពីមើលឃើញការលំបាករបស់ ប្រជាពលក្នុងការធ្វើដំណើរនៅក្នុងមូលដ្ឋាន ពីកន្លែងមួយទៅកន្លែងមួយ ជាពិសេសនៅរដូវភ្លៀង។ ថ្នាក់ដឹកនាំខេត្ត បានកសាងផ្លូវមួយខ្សែជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់់ នេះបង្ហាញថា «មានផ្លូវ គឺមានសង្ឃឹម»។
លោក សុខ លូ បានណែនាំដល់ប្រជាពលរដ្ឋមូលដ្ឋានទាំងអស់ដែលប្រើប្រាស់ផ្លូវលំមួយនេះ សូមជួយថែរក្សាទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់ មិនចាក់ដីសាងសង់ផ្ទះឲ្យខ្ពស់ជាងថ្នល់ មិនត្រូវកាប់កាយផ្លូវថ្នល់ដោយគ្មានការអនុញ្ញាត មិនត្រូវប្រើប្រាស់យានជំនិះដែលខុសបច្ចេកទេស ដូចជា គោយន្តកង់ដែកជាដើម។
បើតាមព័ត៌មានដែលអង្គភាព Fresh News ទទួលបានពីប្រជាពលរដ្ឋស្រុកសណ្តាន់ ពិសេសអ្នកឃុំមានរិទ្ធ និងឃុំទំរីង មានការសប្បាយរីករាយចិត្ត ដោយបានទទួលចំណងដៃផ្លូវមួយខ្សែ ប្រវេង ៤៥គីឡូម៉ែត្រ ពីឃុំមានរិទ្ធ ទៅឃុំទំរីង ស្រុកសណ្តាន់។ តាមរយៈការស្នើសុំពីលោកមេឃុំ និងក្រុមប្រឹក្សាឃុំ ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ទៅក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ។
លោក សុខ លូ ជាលទ្ធផលក្រសួងបានសម្រេចផ្តល់ការជួលជុលផ្លូវលំក្រាលគ្រួសក្រហម១ ខ្សែ ប្រវែង ៤៥ គីឡូម៉ែត ចាប់ពីភូមិត្បូងទឹក ឃុំមានរិទ្ធិ ទៅឃុំទំរីង ស្រុកសណ្តាន់៕