(ភ្នំពេញ)៖ ទីបំផុត ក្រសួងមហាផ្ទៃ បានទទួលស្គាល់ជាផ្លូវការចំពោះ លោក កឹម សុខា ថាជាប្រធានគណបក្សសង្រ្គោះជាតិហើយ ប៉ុន្តែទោះជាយ៉ាងណា ក្រសួងមហាផ្ទៃមិនទទួលស្គាល់ចំពោះតំណែងអនុប្រធានទាំង៣រូប របស់គណបក្សប្រឆាំងនោះទេ។ នេះបើតាមលិខិតក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន Fresh News នៅប៉ុន្មាននាទីមុនេះ។
លិខិតរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងមហាផ្ទៃទទួលស្គាល់ លោក កឹម សុខា ជាប្រធានគណបក្សសង្រ្គោះជាតិ និងទទួលយកនូវការដកចេញនូវចំណងជើង “ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត” ពីគោលនយោបាយអាទិភាព៥ចំណុច របស់គណបក្សសង្រ្គោះជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧»។
ក្រសួងមហាផ្ទៃបានបញ្ជាក់បន្ថែមទៀតថា៖ «ដោយឡែក ចំពោះការជ្រើសរើស លោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង ជាអនុប្រធានគណបក្ស កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ ដោយគណៈកម្មាធិការនាយក នៅតែមិនទាន់ស្របតាមប្រការ ៤៧ថ្មី នៃលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ ដោយសារការជ្រើសតាំងនេះ ហួសរយៈពេល ៣០ថ្ងៃ គិតចាប់តាំងពីថ្ងៃ លោក សម រង្ស៊ី បានលាលែងពីតំណែងប្រធានបក្ស»។
ក្រសួងមហាផ្ទៃ ក៏បានស្នើឱ្យគណបក្សសង្រ្គោះជាតិ ចាត់ចែងអនុវត្តទៅតាមការគួរ។
សូមជំរាបថា នៅរសៀល ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ គណបក្សសង្រ្គោះជាតិ បើកកិច្ចប្រជុំគណៈកម្មាធិការនាយកដើម្បីរៀបចំកែសម្រួល ក្បាលម៉ាស៊ីនរបស់ខ្លួនឡើងវិញ ឱ្យស្របតាមលក្ខន្តិកៈនិង ពិនិត្យលើការប្រើប្រាស់ពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត»។
ក្រោយកិច្ចប្រជុំនេះ គណបក្សសង្រ្គោះជាតិ បានសម្រេចរក្សាក្បាលម៉ាស៊ីនថ្មីរបស់ខ្លួនឱ្យនៅដដែលដោយពុំមានការកែប្រែនោះទេ ប៉ុន្តែគណបក្សនេះ បានសម្រេចលុបចោលសារនយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» ដោយមិនអនុញ្ញាតឱ្យប្រើប្រាស់ទៀតឡើយ។ ក្បាលម៉ាស៊ីនដឹកនាំបក្ស ដែលរក្សានៅដដែលនេះគឺ លោក កឹម សុខា ជាប្រធាន និងមានអនុប្រធាន៣រូប ក្នុងនោះមាន លោក ប៉ុល ហំម, លោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង។
ការសម្រេចបែបនេះ បានធ្វើឡើង ក្រសួងមហាផ្ទៃ បានទទួលស្គាល់ការធ្វើវិសោធនកម្មលើប្រការ៤៥ និងប្រការ៤៧ នៃលក្ខនិ្តកៈ ដែលបានអនុម័តដោយសមាជវិសាមញ្ញរបស់គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ និងស្នើឱ្យគណបក្សសង្រ្គោះជាតិ បន្តយកចិត្តទុកដាក់ អនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខនិ្តកៈថ្មីរបស់ខ្លួន៕