(ឧត្តរមានជ័យ)៖ មន្រ្តីនគរបាលខេត្តឧត្តរមានជ័យចំនួន១៨រូប ត្រូវបានថ្នាក់ដឹកនាំបំពាក់ស័ក្តិ មានថ្នាក់វរសេនីយ៍ទោ (៥នាក់) និងថ្នាក់វរសេនីយ៍ត្រី(១៣នាក់) បន្ទាប់ពីពួកគេបានបំពេញតួនាទី និងភារកិច្ចទទួលបានលទ្ធផលល្អប្រសើរ។
នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧នេះលោកឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាល នគរបាលការពារព្រំដែន តំណាងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ លើកទិសដៅអនុវត្តបន្តរបស់ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០១៧ ផ្សព្វផ្សាយផែនការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
នៅក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ អនុប្រធានសេនាធិការ ឧត្តមសេនីយ៍ឯក ឡោ សុឡេង ស្នងការ នៃស្នងការដ្ឋានហិរញ្ញកិច្ច និងភស្តុភា លោកព្រះរាជអាជ្ញា លោកស្នងការ ស្នងការរង មេបញ្ជាការអាវុធហត្ថខេត្ត មេបញ្ជាការសឹករងខេត្ត នាយ-នាយរងការិយាល័យ មេបញ្ជាការវរៈ៩០៥ មេបញ្ជាការវរៈ៧០២ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងលោកស្នងការរងខេត្តសៀមរាប កំពង់ធំ និងព្រះវិហារផងដែរ។
ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ បានកោតសរសើរដល់កងកម្លាំងនគរបាលខេត្តឧត្តរមានជ័យ ដែលក្នុងឆ្នាំ២០១៦ កន្លងទៅបានការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក៏ដូចជាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អ។ ពិសេសនគរបាលការពារព្រំដែន ដែលបានខិតខំប្រឹងប្រែងក្នុងការការពារ បូរណភាពទឹកដីដោយឆន្ទៈមោះមុតអង់អាចក្លាហាន ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
លោកឧត្តមសេនីយ៍ឯក ក៏បានផ្តាំផ្ញើឲ្យនគរបាលខេត្តឧត្តរមានជ័យទាំងអស់ ត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អថែមទៀត និងជាធ្វើគំរូល្អឲ្យស័ក្តិសមជាអ្នកបម្រើប្រជាពលរដ្ឋពិតប្រាកដ។ លោកឧត្តមសេនីយ៍ ក៏បានជំរុញឲ្យកម្លាំងនគរបាលទាំងអស់ បង្កើនការខិតខំ និងពង្រឹងកាន់តែខ្លាំងឡើង សម្រាប់ការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ តាមមូលដ្ឋាននាឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិនាពេលខាងមុខ ដើម្បីឲ្យបងប្អូនសប្បាយរីករាយ សម្រាប់ដំណើរកំសាន្ត៕