(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានព្រលយតែងតាំងអ្នកឧកញ៉ា គិត ម៉េង ជាប្រធានសមាគមសង្គ្រោះ និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដោយសារតែអ្នកឧកញ៉ា គិត ម៉េង ជាប្រធានសភាពាណិជ្ជកម្ម រាជធានីភ្នំពេញ ងាយស្រួលគៀងគរស្វែងរកជំនួយដើម្បីឧបត្ថម្ភ និងគាំទ្រដល់ជនដែលញៀនថ្នាំ។

នៅក្នុងឱកាសចូលរួម នៅក្នុងបិទសន្និបាតបូកសរុបការងារ និងលើកទិសដៅបន្តនៅឆ្នាំ២០១៧ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម បានថ្លែងថា អ្នកឧកញ៉ា គិត ម៉េង សមជាប្រធានសមាគមសង្គ្រោះ និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន​ ដោយសារតែគាត់ជាប្រធានសភាពាណិជ្ជកម្មស្រាប់ ដែលអាចគ្រប់គ្រង និងការប្រមែប្រមូលថវិកាពីសប្បុរសជន អាជីវករ ដើម្បីជួយទ្រទ្រង់សមាគមមួយនេះ។

កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ នៅក្នុងកិច្ចប្រជុំរវាងថ្នាក់ដឹកនាំ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងវិស័យឯកជន សម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងផងដែរ​ចំពោះការបង្កើតសមាគមមួយនេះ និងតែងតាំងអ្នកឧកញ៉ា គិត ម៉េង ជាប្រធានផងដែរ។

មន្រ្តីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនម្នាក់ បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃនេះថា សមាគមនេះមិនទាន់ចេញជារូបរាង នៅឡើយទេ​ ដោយនៅពេលនេះខាងមន្រ្តីជំនាញ បាននិងកំពុងពិភាក្សា ដើម្បីឈានទៅដល់ការបង្កើតជាផ្លូវការ នៅពេលខាងមុខ ពីព្រោះវាពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់។

គោលបំណងនៃការបង្កើតសមាគមនេះ ត្រូវបានមន្រ្តីខាងលើអះអាងថា ដើម្បីជួយឧបត្ថម្ភ និងគាំទ្រដល់ជនដែលញៀនថ្នាំ ដែលត្រូវបានយកទៅ​ឲ្យបន្សាប​គ្រឿងញៀន នៅតាមមណ្ឌលនានា៕