(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានណែនាំទៅដល់មន្ទីរបរិស្ថានរាជធានី-ខេត្តទាំងអស់ ឲ្យសហការជាមួយមន្ទីរ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ធ្វើយុទ្ធនាការកែលម្អសោភណភាពនៅតាមភូមិឋាន ទីអារាម ផ្លូវជាតិ រួមទាំងតំបន់ទេសចរណ៍ផងដែរ ក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីរក្សាបាននូវអនាម័យ និងសោភណភាពល្អប្រសើរ។
នៅក្នុងលិខិតណែនាំដែលធ្វើឡើងនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានស្នើឲ្យមន្ទីរបរិស្ថានរាជធានី-ខេត្ត បំផុសចលនាប្រជាពលរដ្ឋ, ព្រះសង្ឃ, កងកម្លាំងប្រដាប់អាវុធ, មន្រ្តីរាជការគ្រប់ផ្នែក, គ្រប់ថ្នាក់សិស្ស, និស្សិត, គ្រប់ភូមិសិក្សាឲ្យចូលរួមក្នុងការធ្វើអនាម័យ និងកែលម្អសោភណភាពភូមិស្ថាន ទាំងមុនចូលឆ្នាំខ្មែរ អំឡុងចូលឆ្នាំខ្មែរ និងក្រោយពេលចូលឆ្នាំខ្មែរ។
ក្រសួងបរិស្ថាន បានបញ្ជាក់ថា ទីតាំងដែលត្រូវសំអាតរួមមាន វត្តអារាម, ទីក្រុង, ទីប្រជុំជន, រមណីយដ្ឋានកន្លែងកម្សាន្ត ភោជនីយដ្ឋាន, សណ្ឋាគារ, សាលរៀន, មន្ទីរពេទ្យ, រោងចក្រសហគ្រាស, ទីផ្សារ, មជ្ឈមណ្ឌលសេដ្ឋកិច្ចបំបាត់ឲ្យបាននូវ ភាពកង្វក់សំរាម និងកាកសំណល់ផ្សេងៗនៅតាមដងផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗ តាមលំនៅដ្ឋាន កន្លែងកម្សាន្ត រមណីយដ្ឋានជាដើម។
គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នឹងឈានចូលមកដល់នៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះហើយ៕