(សៀមរាប)៖ បន្ទាប់ពីបានបញ្ចប់ពិធីប្រគល់ផ្ទះមនុស្សធម៌ទី១១រួចមក លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទកម្ពុជាខេត្តសៀមរាប និងសហការី នៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៧ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់លោកយាយ ពេញ ពាច អាយុ៦៣ឆ្នាំ ជាចាស់ជរាទីទលក្រ និងមានជំងឺប្រចាំកាយ មិនអាចទៅណាមកណាបាន រស់នៅភូមិស្ពានត្នោត២ ឃុំស្ពានត្នោត ស្រុកជីក្រែង។
ក្រៅពីនោះ លោកស្រី គួយ ណាលីន និងក្រុមការងារ ក៏បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរាគ្មានទីពឹង ដែលងាយងាយរងគ្រោះបំផុត ចំនួន៤០គ្រួសារ (មកពីឃុំគោកធ្លកក្រោម ចំនួន២០គ្រួសារ និងឃុំកំពង់ក្ដីចំនួន២០គ្រួសារ) នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជីក្រែង។
លោកស្រី គួយ ណាលីន បានពាំនាំការផ្ដាំផ្ញើ និងសួរសុខទុក្ខពីលោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា ពិសេសស ម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែព្រួយបារម្ភ និងយកចិត្តទុកដាក់ចំពោះសុខភាពប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកស្រី បានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះ ប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»ពិសេសនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ សូមទេព្ដាឆ្នាំថ្មីជួយថែរក្សាបងប្អូនទាំងអស់បានជួបតែនឹងសេចក្ដីសុខ សេចក្ដីចម្រើនគ្រប់ក្រុមគ្រួសារ។
គួរបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូនក្នុងមួយគ្រួសារទទួលបាន សាប៊ូលុច្ស២ដុំ សាប៊ូម្សៅ១កញ្ចប់, ច្រាសដុសធ្មេញ ១ដើម, ថ្នាំដុសធ្មេញ១បំពង់, ទឹកស៊ីអ៉ីវ១យួរ, អំបិល១គីឡូក្រាម, ប្រេងឆា១ដប, នំធុង១ធុង, អង្ករ២៥គីឡូក្រោម, ទឹកបរិសុទ្ធ១យួរ និងថវិកា២ម៉ឺនរៀល។ ចំណែក ព្រះតេជគុណ អនុគុណស្រុកជីក្រែង ក៏បានចូលរួម ជួយឧបត្ថមថវិកា ក្នុងមួយគ្រួសារ១ម៉ឺនរៀលផងដែរ៕