(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ បានបើកសិក្ខាសាលាស្តីពី «ការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអនុវត្តយុទ្ធសាស្ត្រកៀរគរ ចំណូលរយៈពេលមធ្យមរបស់ អគ្គនាយកដ្ឋានពន្ធដារ» ក្រោមអធិតីភាពរបស់ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ។
សិក្ខាសាលាដ៏មានសារៈសំខាន់នោះ មានការចូលរួមពីតំណាងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការដឹកនាំ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រធានក្រុមការងារកំណែទម្រង់ លោក លោកស្រី អគ្គនាយករង និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងមន្ត្រីរាជការពន្ធដារ ពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ សរុបចំនួនជាង៥០០នាក់ នៅសណ្ឋាគារអ៊ីនទើខនធីណិនធល។
ថ្លែងក្នុងឱកាសនោះ លោក គង់ វិបុល បានថ្លែងបញ្ជាក់ថា សិក្ខាសាលានាថ្ងៃនេះ ពិតជានឹងរួមចំណែកខ្ពស់ ក្នុងការពង្រឹងការអនុវត្តការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការអនុវត្តយុទ្ធសាស្រ្តកៀរគរចំណូល រយៈពេលមធ្យមរបស់ អគ្គនាយកដ្ឋានពន្ធដារ និងបង្កើនចំណេះដឹងដល់ថ្នាក់ដឹកនាំ និងមន្រ្តីពន្ធដារនៃនាយកដ្ឋានថ្នាក់កណ្តាល និងសាខាពន្ធដារខណ្ឌទាំងអស់ ឱ្យយល់កាន់តែច្បាស់ និងស៊ីជម្រៅពីកម្មវិធីកែទម្រង់ និងយុទ្ធសាស្រ្តកៀរគរចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ។
អគ្គនាយកដ្ឋានពន្ធដារ បានខិតខំប្រឹងប្រែង អនុវត្តសកម្មភាពកែទម្រង់ ជាពិសេសការរៀបចំសិក្ខាសាលា និងកម្មវិធីបណ្តុះបណ្តាលនានា តួយ៉ាងដូចជាសិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ គឺដើម្បីបញ្ជ្រាបចំណេះដឹងបន្ថែមទៀត ដល់មន្ត្រីពន្ធដារលើសកម្មភាព កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអនុវត្តយុទ្ធសាស្រ្តកៀរគរ ចំណូលរយៈពេលមធ្យម ក្នុងទិសដៅកសាងសមត្ថភាពមន្រ្តី និងកែទម្រង់ស្ថាប័នសម្រាប់រយៈពេលខ្លី មធ្យម និងវែង នាពេលខាងមុខប្រកបដោយចីរភាព។
ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារ សម្រេចបានលទ្ធផលជាច្រើន ក្រោមក្របខណ្ឌកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលនេះ គឺជាលទ្ធផលគួរជាទីមោទនៈ។
កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី១ ត្រូវបានបញ្ចប់ដោយជោគជ័យ ដោយសម្រេចបានជាមូលដ្ឋាននូវ «ភាពជឿទុកចិត្តបាននៃថវិកា» ដែលបានជំរុញ និងការចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីប្រមូលចំណូល និងអនុវត្តចំណាយ ឲ្យបានតាមច្បាប់កំណត់ ព្រមទាំងទូទាត់ថវិកាឲ្យបានទាន់ពេលវេលាក្នុងឆ្នាំ។ ក្នុងដំណាក់កាលទី២ សម្រេចបាននូវ «គណនេយ្យភាពហិរញ្ញវត្ថុ» តាមរយៈការកសាងមូលដ្ឋានគ្រឹះនៃប្រព័ន្ធថវិកាថ្មី ដោយផ្តោតជាសំខាន់ទៅលើការរៀបចំ, កែលម្អ និងពង្រឹងការកត់ត្រា និងការធ្វើរបាយការណ៍គណនេយ្យ និងហិរញ្ញវត្ថុឲ្យកាន់តែត្រឹមត្រូវ ច្បាស់លាស់ សុក្រឹត្យ និងទាន់ពេលវេលា ស្របតាមស្តង់ដារអន្តរជាតិ។
បច្ចុប្បន្នកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឈានចូលដំណាក់កាលទី៣ គឺ «ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ» ដើម្បីឈានឆ្ពោះសម្រេចគោលដៅ គន្លឹះនៃការកែទម្រង់ប្រព័ន្ធថវិកាទាំងមូល គឺផ្លាស់ប្តូរពីប្រព័ន្ធគ្រប់គ្រង ដែលផ្អែកលើធាតុចូលនិងមជ្ឈការ ឆ្ពោះទៅជាប្រព័ន្ធដែលផ្តោត លើលទ្ធផល ឬសមិទ្ធកម្ម និងវិមជ្ឈការ តាមរយៈការពង្រឹង និងពង្រីកការអនុវត្តផែនការយុទ្ធសាស្រ្តថវិកា, ការអនុវត្តថវិកាកម្មវិធី និងការអនុវត្តអង្គភាពថវិកាព្រមទាំង ការពង្រឹងការរៀបចំគោលនយោបាយ ការព្យាករណ៍ និងការរៀបចំផែនការហិរញ្ញវត្ថុសាធារណៈ។
ពិតណាស់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់មិនអាចខ្វះបាន ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិ និងកាត់បន្ថយភាពក្រីក្រ។
គួរបញ្ជាក់ផងដែរថា បន្ថែមពីលើការងារកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ អគ្គនាយកដ្ឋានពន្ធដារ ក៏តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តកម្មវិធី «យុទ្ធសាស្ត្រកៀរគរចំណូល រយៈពេលមធ្យមឆ្នាំ២០១៤-២០១៨» របស់រាជរដ្ឋាភិបាលផងដែរ ដោយមិនមានគោលនយោបាយ ក្នុងការដំឡើងអត្រាពន្ធ ឬបង្កើតប្រភេទពន្ធថ្មី។ ដូច្នេះ យន្តការសំខាន់ៗនិងធំៗចំនួន០៤ សម្រាប់ជំរុញការកៀរគរចំណូល ឲ្យបានគ្រប់តាមផែនការ ឬលើសផែនការ ដែលច្បាប់បានកំណត់ ត្រូវដាក់ចេញ និងអនុវត្តរួមមានដូចជា៖
ទី១៖ ការកែលម្អរដ្ឋបាលសារពើពន្ធ ជាពិសេសការធ្វើទំនើបកម្មព័ត៌មានវិទ្យាជាច្រើន ដែលសម្រេចបាននាពេលកន្លងមក។
ទី២៖ ការពង្រឹងអភិបាលកិច្ចល្អ
ទី៣៖ ការកែលម្អគោលនយោបាយសារពើពន្ធ និងបទប្បញ្ញត្តិផ្សេងៗ
ទី៤៖ ការពង្រឹងវប្បធម៌បង់ពន្ធ។
នេះជំរុញឱ្យគ្រប់នាយកដ្ឋានពាក់ព័ន្ធ សាខាពន្ធដារខេត្ត-ខណ្ឌទាំងអស់ ផ្តល់អាទិភាពលើការងារកែទម្រង់ ហើយបន្តចូលរួមឲ្យកាន់តែសកម្មជាងមុន, ត្រូវមានភាពជាម្ចាស់ និងការទទួលខុសត្រូវកាន់តែខ្ពស់ ក្នុងការរៀបចំ និងអនុវត្តផែនការសកម្មភាព កែទម្រង់របស់ខ្លួន ឲ្យបានប្រកបដោយស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីពង្រឹងនិងកែលម្អស្ថាប័ន ស្របតាមគោលនយោបាយកែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល។ ការងារនេះក៏ផ្សាភ្ជាប់យ៉ាងស្អិតរមួតផងដែរ ទៅនឹងការជំរុញការអនុវត្តឱ្យបានជោគជ័យនូវ «យុទ្ធសាស្រ្តកៀរគរចំណូលរយៈពេលមធ្យម ២០១៤-២០១៨» របស់រាជរដ្ឋាភិបាល។
តមតាមការខិតខំអនុវត្តយ៉ាងម៉ឺងម៉ាត់ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូល រយៈពេលមធ្យម ២០១៤-២០១៨ អគ្គនាយកដ្ឋានពន្ធដារសម្រេចបាននូវវឌ្ឍនភាព និងសមិទ្ធិផលសំខាន់ៗជាច្រើន ជាពិសេសកំណើនចំណូលពន្ធ ចាប់តាំងពីឆ្នាំ ២០១២ គឺតែងតែសម្រេចបានគ្រប់ផែនការ។
គួរបញ្ជាក់ថា ការខិតខំកៀរគរប្រមូលចំណូល គឺជាកិច្ចការគ្រឹះដ៏សំខាន់ របស់អគ្គនាយកដ្ឋានពន្ធដារ ទាំងក្នុងក្របខ័ណ្ឌនៃគោលនយោបាយ អាទិភាពរបស់រាជរដ្ឋាភិបាល និងទាំងក្នុងក្របខ័ណ្ឌកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៕