(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងអំណរគុណដល់មន្រ្តីចូលនិវត្តន៍ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនទាំងអស់ ដែលនៅតែរក្សាខ្លួនជាធនធានដ៏សំខាន់ ដើម្បីចូលរួមចំណែកជួយកិច្ចការងាររបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន។
ការថ្លែអំណរគុណនេះបានធ្វើឡើងនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧នេះ ក្នុងឱកាសដែលលោកទេសរដ្ឋមន្រ្តី ជួបសំណេះសំណាល និង សួរសុខទុក្ខនិវត្តន៍ជនមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឈានចូលមកដល់។
ក្នុងកិច្ចសំណេះសំណាលនោះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការរក្សាចំណងមិត្តភាពល្អ រវាងមន្ត្រីរាជការដែលកំពុងបំពេញការងារនៅក្រសួងសាធារណការ និងដឹកជញ្ជូនបច្ចុប្បន្ន និងមន្ត្រីរាជការដែលបានចូលនិវត្តន៍ គឺជារឿងដ៏ល្អ និងចាំបាច់មួយ ដើម្បីបានផ្លាស់ប្តូរបទពិសោធន៍ការងារ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជូនថវិការបស់ក្រសួងសាធារណការ និងដឹកជញ្ជូនមួយចំនួន ដើម្បីជាកិច្ចតបស្នងសងគុណ ដល់កិច្ចប្រឹងប្រែងរបស់មន្រ្តីចូលនិវត្តន៍ ក៏ដូចជាការដឹងគុណចំពោះការខិតខំបម្រើការងារកន្លងមក របស់មន្ត្រីទាំងនោះ៕