(ភ្នំពេញ)៖ សភាស៊ើបសួរសាលាឧទ្ធរណ៍ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧នេះ បានសម្រេចលើកពេលសវនាការ ទៅលើសំណុំរឿងព្រហ្មទណ្ឌមួយ ដែលមានជនត្រូវចោទ៤នាក់ ជាប់ចោទពីបទ និងសមគំនិតក្នុងអំពើលួចលក់អចលនវត្ថុ ដែលមិនមែនជារបស់ខ្លួន ដោយសារដើមបណ្ដឹងឈ្មោះ ឃី ជឿ បានសំណូមពរសុំឲ្យសភាស៊ើបសួរ សាលាឧទ្ធរណ៍ពន្យាពេលសវនាការ ជាបណ្ដោះអាសន្នសិន ដើម្បីខ្លួនអាចមានពេលវេលាគ្រប់គ្រាន់ក្នុងការរកមេធាវីការពារក្ដីតាមផ្លូវច្បាប់។
ម្យ៉ាងទៀតដោយសារតែជនជាប់ចោទ៤នាក់ ដែលត្រូវបានតុលាការចោទប្រកាន់ ពីបទលួចលក់អលចវត្ថុរបស់អ្នកដទៃ ដែលមិនមែនជារបស់ខ្លួន និងបទសមគំនិតអវត្តមានមិនហ៊ានចូលតុលាការដែលរួមមានទី១៖ ឈ្មោះ ប្រាក់ នន ភេទស្រី អាយុ៨២ឆ្នាំ ទី២៖ ឈ្មោះ ទិន ផៃ ភេទប្រុស អាយុ៦១ឆ្នាំ ទី៣៖ ឈ្មោះ ឈុន លី ភេទប្រុស អាយុ៧០ឆ្នាំ និងទី៤៖ ឈ្មោះ ទែន លីនី ភេទស្រី អាយុ៤៤ឆ្នាំ។
អង្គហេតុដែលបណ្ដាលឲ្យតុលាការ ចោទប្រកាន់មនុស្សវ័យចំណាស់ៗ ក្នុងសំណុំរឿងនេះ គឺផ្ដើមចេញកាលពីថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០០៥ នាក់ទាំង៤នាក់ខាងលើនេះ បានឃុបឃិតគ្នា លក់ ទិញដី និងធ្វើលិខិតផ្ទេសិទ្ធិកាន់កាប់ដីលេខ៣១៧៨បជ ចុះថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០០៥ នៅលើដីកម្មសិទ្ធិរបស់ឈ្មោះ ឃី ជឿ ដែលមានទំហំ១៨២៥ម៉ែតការ៉េ ស្ថិតនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌដង្កោ ដែលមានលិខិតបញ្ជាក់ម្ចាស់អចលនវត្ថុលេខ០៣៨បជ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៣។
បន្ទាប់មកនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០៧ ឈ្មោះ ឈុន លី និងបក្ខពួកសំអាងលើលិខិតផ្ទេរ សិទ្ធិកាន់កាប់លេខ៣១៧៨បជ ចុះថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០០៥ បាននាំគ្នាទៅរុះរើរបងរបស់ឈ្មោះ ឃី ជឿ ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោស ឈ្មោះ ឈុន លី ហើយឈ្មោះ ឈុន លី ក៏បានសុខចិត្តយល់ព្រមអនុវត្ត ដោយស្ម័គ្រចិត្តបង់ថ្លៃខូចខាតនិងសំណងជំងឺចិត្តឲ្យមកឈ្មោះឃី ជឿ រួចហើយដែរ។
ដោយមិនអស់ចិត្តឈ្មោះ ឈុន លី និងទែន លីនី បានយកលិខិត្តផ្ទេរសិទ្ធិដដែរនោះ ដែលមិនមានសាវតាដីពិតប្រាកដ ជាន់លើដីកម្មសិទ្ធិរបស់ឈ្មោះ ឃី ជឿ មកប្ដឹងឈ្មោះ ឃី ជឿ ថែមទៀត។ នៅក្នុងឯកសាររបស់តុលាការបានបញ្ជាក់ថា អំពើខាងលើជាបទល្មើសលួចលក់អលចនវត្ថុ ដែលមិនមែនជារបស់ខ្លួន និងបទសមគំនិតលួចលក់ អលចនវត្ថុដែលមិនមែនជារបស់ខ្លួន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០០៥ តាមបញ្ញតតិមាត្រា២៥៥ នៃច្បាប់ភូមិបាល និងមាត្រា២៩នៃក្រមព្រហ្មទណ្ឌ។
ក្រោយមកសំណុំរឿងនេះ ត្រូវបានបញ្ជូនទៅឲ្យលោកចៅក្រមលី សុខឡេង បើកការស៊ើបសួរ។ ចំណែកលោកព្រះរាជអាជ្ញារង កែវ សុជាតិ ដែលមានភារកិច្ច ធ្វើដីកាសន្និដ្ឋានស្ថាពរបានសុំលើកលែងចោទឈ្មោះ ឈុន លី និងឈ្មោះ ទែន លីនី ប៉ុន្តែពេលបញ្ជូនទៅចៅក្រមបិទការស៊ើបសួរ បញ្ជូនរឿងទៅជំនុំជំរះ ចៅក្រមនៅតែរក្សាបទចោទដដែលដោយសំអាងថាការ ប្រព្រឹត្តរបស់ជនជាប់ចោទមានលក្ខណៈ ផ្គើនហ៊ានបំពានច្បាប់ ដោយហេតុថា លិខិតលក់ទិញដីនោះ គ្មានសាក្សីដឹងលឺ និងឯកសារដីមិនបញ្ជាក់ព្រំដីជាដើម។
ដោយសារតែចៅក្រមតុលាការសម្រេចបែបនេះហើយ ទើបតំណាងអយ្យការបានប្ដឹងឧទ្ធរណ៍ លុះពេលសភាស៊ើបសួរ ហៅជនជាប់ចោទដែលមានផលប្រយោជន៍ ពីបណ្ដឹងឧទ្ធរណ៍នេះ ស្រាប់ជនជាប់ចោទ មិនហ៊ានចូលតុលាការទៅវិញ ទើបធ្វើឲ្យសាលាឫទ្ធរណ៍ លើកពេលសវនាការជាបណ្ដោះអាសន្ន ៕