(ភ្នំពេញ)៖ ប្រជាពលរដ្ឋក្រីក្រចំនួន២៥០០គ្រួសារ មកពីសង្កាត់ព្រៃវែង សង្កាត់ព្រៃស និងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧នេះ បានអញ្ជើញទៅទទួលយកអំណោយពីអភិបាលខណ្ឌ លោក នុត ពុធដារ៉ា និងសប្បុរសជន មកពីប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ដើម្បីចូលរួមកាត់បន្ថយការខ្វះខាតរបស់ពួកគេ។
មន្រ្តសាលាខណ្ឌដង្កោ បានឲ្យដឹងថា ប្រជាពលរដ្ឋមួយគ្រួសារទទួលបាន៖ អង្ករ១០គីឡូក្រាម មី១០កញ្ចប់ គ្រឿងឧបភោគបរិភោគ មួយចំនួនទៀត រួមមាន៖ ទឹកត្រី ត្រីខ ទឹកដោះគោ ប្រេងឆា ស្ករស អំបិល ប៊ីចេង។
នៅក្នុងឱកាសនោះលោកអភិបាលខណ្ឌ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចតែងគិតគូ ដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន ជាពិសេស ប្រជាពលរដ្ឋក្រីក្រ ជួបការលំបាកតាមមូលដ្ឋាន។
លោកអភិបាលក៏បាន ពាំនាំការសាកសួរសុខទុក្ខពីសំណាក់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ជូនដល់លោកតា លោកយាយ បងប្អូនទាំងអស់ ព្រមទាំងបានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើន ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ នៅទូទាំងប្រទេស ក៏ដូចជា ក្នុងមូលដ្ឋានខណ្ឌ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
ជាមួយគ្នានេះលោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនមកពីម៉ាឡេស៊ី និងសិង្ហបុរី ដែលបានចំណាយថវិកា និងកម្លាំង ដើម្បីចែកគ្រឿងបរិភោគទាំងនេះ ជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោ៕