(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលការពារព្រំដែនតំណាង នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ អមដំណើរដោយឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ អនុប្រធានសេនាធិការ និងឧត្តមសេនីយ៍ឯក ឡោ សុឡេង ស្នងការ នៃស្នងការដ្ឋានហិរញ្ញកិច្ច និងភស្តុភា នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧នេះ បានចុះសួរសុខទុក្ខ និងនាំអំណោយចែកជូន កងកម្លាំងនគរបាល វរសេនាតូចការពារព្រំដែនគោក លេខ៩០៥ និងវរៈ៧០២ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនោះឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខាងមុខនេះ។ នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍អគ្គស្នងការរង បានជំរុញឲ្យកម្លាំងនគរបាលទាំងអស់ ត្រូវខិតខំបំពេញភារកិច្ចកាន់តែប្រសិទ្ធភាព ជាពិសេសចូលរួមការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំ នាពេលខាងមុខកាន់តែមានភាពប្រសើរឡើង។
ជាមួយគ្នានេះឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ បាននាំថវិការបស់សម្តេចក្រឡាហោម ស ខេង និងអំណោយរបស់នាយឧត្តមសេនីយ៍ នេត សាវឿន និងចែកជូនដល់កងកម្លាំង សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិផងដែរ។
អំណោយរួមមាន៖ អង្ករចំនួន២តោន, ទឹកក្រូចចំនួន២០០កេស, ស្រាបៀរចំនួន២០០កេស, មីចំនួន២០កេសធំ, ត្រីខចំនួន៦កេសធំ, វរសេនាតូចការពារព្រំដែនគោកលេខ៩០៥ ថវិកា៥លានរៀល, វរៈសេនាតូចការពារព្រំដែនគោកលេខ៧០២ ថវិកា៥លានរៀល និងថវិការបស់សម្តេចក្រឡាហោម ស ខេង ចែកជូនកម្លាំងក្នុងម្នាក់ៗ ថវិកាចំនួន៥០០០០រៀល៕