(បន្ទាយមានជ័យ)៖ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម តំណាងលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួមកាត់ឬសសីមា ព្រះវិហារប្រាសាទបន្ទាយអំពិល ស្ថិតនៅភូមិគោកអំពិល ឃុំគាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បន្ទាប់ត្រូវបានកសាងរួចរាល់នោះ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ បានលើកឡើងអំពីការដឹកនាំប្រទេសដ៏ត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើប្រទេសជាតិមានស្ថេរភាព សន្តិសុខ និងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងរហូតមកដល់ពេលនេះ។

ជាមួយគ្នានេះលោកស្នងការ បានជំរុញដល់កងកម្លាំងនគរបាលទាំងអស់តាមមូលដ្ឋាន សហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តពង្រឹងបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់កាន់តែប្រសើរឡើង ជាពិសេសទប់ស្កាត់បទល្មើសនានា ដូចជាគ្រឿងញៀន ចោរកម្មជាដើម។

បើតាមលោកស្នងការ សម្រាប់ព្រះវិហារនេះ លោកបានចំណាយថវិកាប្រមាណ១២លានរៀល ដើម្បីជួសជុលបង្ហើយ និងថវិកាប្រមាណ៦លានរៀលទៀត សម្រាប់ចែកជូន និងការចំណាយផ្សេងៗ ដែលសរុបរួមអស់ប្រមាណ១៨លានរៀល។ បន្ទាប់ពីការសំណេះសំណាលចប់ លោកឧត្តមសេនីយ៍ស្នងការ ក៏បានចែកជូនថវិកា អំណោយ និងនំចំណីជូនអ្នកចូលរួមផងដែរ មានទាំងតាជីយាយជី និងប្រជាពលរដ្ឋជាច្រើននាក់៕