(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញលិខិតស្នើ និងជូនដំណឹងដល់តំណាង អង្គការមិនមែនរដ្ឋាភិបាលបរទេស, តំណាងប្រទេស និងតំណាងអង្គការអន្តរជាតិនានា ឱ្យចូលរួមសង្កេតការណ៍ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅខែមិថុនា ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់គ.ជ.ប ផ្ញើជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីពេលថ្មីៗនេះ។
គ.ជ.ប បានបញ្ជាក់ថា «ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧ ដូច្នេះ ដើម្បីឲ្យការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ បានប្រព្រឹត្តទៅដោយមានការចូលរួម សង្កេតការណ៍ មើលដំណើរការបោះឆ្នោត ពីគ្រប់មជ្ឈដ្ឋាននានា សូមឯកឧត្តមទេសរដ្ឋមន្រ្តី មេត្តាអញ្ជើញ តំណាងអង្គការ មិនមែនរដ្ឋាភិបាល បរទេស តំណាងប្រទេសនានា និងតំណាងអង្គការអន្តរជាតិ ដើម្បីចូលរួមសង្កេតការណ៍ បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧»។
ជាការកត់សម្គាល់ គ.ជ.ប បានចាប់ទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ រហូតដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧។
សូមបញ្ជាក់ថា អំឡុងពេល១ខែ ក្រោយពីអនុញ្ញាតឱ្យ សង្គមស៊ីវិល និងសហគមន៍អន្តរជាតិចូលរួមសង្កេតការណ៍ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិចំនួន២ ប៉ុណ្ណោះ ដែលបានដាក់ពាក្យស្នើសុំចូលរួមសង្កេតការណ៍ ក្នុងនោះមានអង្គការខុមហ្វ្រែល និង សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានអ្នកសង្កេតការណ៍ចំនួន៥២១រូប សម្រាប់សង្កេតការណ៍ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤៕