(ព្រៃវែង)៖ ដើម្បីធានាបាននូវគុណភាព សុវត្ថិភាពម្ហូបអាហារ ជូនប្រជាពលរដ្ឋ ពិសេសមុនថ្ងៃចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧នេះ លោក ឌឹម ថេង អគ្គនាយករងទទួលបន្ទុក ដោយមានចូលរួមពីលោក អ៊ុត សុភាព ប្រធានសាខា បានដឹកនាំ មន្ត្រីសាខាកាំកុងត្រូល ខេត្តព្រៃវែង នាំយករថយន្តមន្ទីរពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល និងជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ដើម្បីធ្វើការចុះត្រួតពិនិត្យ និងស្វែងរកផលិតផល ដែលមានសារធាតុគីមី ក៏ដូចជា ផលិតផលហួសកាលបរិច្ឆេត និងខូចគុណភាព នៅផ្សារអ្នកលឿង ត្រើយខាងកើត ក្នុងខេត្តព្រៃវែង ។
លោក អ៊ុត សុភាព បានឲ្យដឹងថា «ការចុះពិនិត្យទំនិញនៅផ្សារអ្នកលឿងនេះ មន្រ្តីជំនាញបានយកគំរូ បន្លែ ផ្លែឈើ គ្រឿងសមុទ្រ ប្រហុកត្រីងៀត ប្រហិត សាច់ប៉ាតេ និង អំបិល សរុបបានចំនួន៣២គំរូ មកធ្វើតេស្តបឋម និងពិសោធន៍នៅក្នុងរថយន្តមន្ទីរ ពិសោធន៍ចល័ត ដើម្បីរកសារធាតុគីមី ហាមឃាត់ក្នុងចំណីអាហារ និងកាកសំណល់ថ្នាំកសិកម្មលើបន្លែផ្លែឈើ ជាលទ្ធផល នៃការពិសោធន៍ឃើញថា ពុំមានវត្តមានសារធាតុគីមីទេ»។
លោក អ៊ុត សុភាព បានឲ្យដឹងថា នៅក្នុងគំរូទាំង៣២គំរូ គឺបានរកឃើញចំពោះអំបិល ដាក់ស្លាកសញ្ញាមាន អ៊ីយ៉ូតគឺ មានអ៊ីយ៉ូតតិច និងអំបិលគ្មានស្លាកសញ្ញាពុំមានជាតិអ៊ីយ៉ូតទេ១គំរូ។ ទន្ទឹមគ្នានោះក្រុមការងារ ក៏បានថ្លែងសរសើរ និងអរគុណដល់បងប្អូនអាជីវករ មួយចំនួន ដែលបានធ្វើកិច្ច សហការល្អ និងដោយរីករាយជាមួយក្រុមការងារ និងបានយល់ដឹងយ៉ាងច្បាស់ អំពីផលប៉ះពាល់បណ្តាល មកពីផលិតផល ខូចគុណភាព ។
លោក អ៊ុត សុភាព បានឲ្យដឹងបន្ថែមថា មួយរយៈចុងក្រោយនេះលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកកាំកុងត្រូល បានបញ្ជាឲ្យមន្រ្តីសាខា កាំកុងត្រូល តាមបណ្តាខេត្ត និងតាមព្រំដែនត្រូវបន្តយុទ្ធនាការ ចុះត្រួតពិនិត្យទំនិញនាំចូលជាប្រចាំ ដើម្បីស្វែងរកសារធាតុគីមីនិងចង់ដឹង តើមាន ខូចគុណភាពដែរឬទេ ដែលទាំងនេះធ្វើឡើង ដើម្បីលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ ដែលបានបរិភោគទំនិញទាំងនេះ៕