(ភ្នំពេញ)៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នៃក្រសួងអប់រំ យុវជន និងកីឡា និងពុទ្ធិសាកលវិទ្យាល័យ ព្រះសីហនុរាជ នៃក្រសួង ធម្មការ និងសាសនា បានចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នាជាផ្លូវការ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកស្រាវជ្រាវនិងការ បណ្តុះបណ្តាល នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧នេះ នៅ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ CKCC ។

ពិធីចុះហត្ថលេខានេះមានការចូលរួមពី លោក ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ទូច សារ៉ុម រដ្ឋលេខាធិការ លោក ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា សាកលវិទ្យាធិការរងទទួលបន្ទុក ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងសិស្សានុសិស្សជាច្រើននាក់ ព្រមទាំងព្រះសង្ឃ ជាច្រើនអង្គផងដែរ។

ថ្លែងនៅក្នុងពិធីនេះ លោក ជេត ជាលី បានលើកឡើងថា ការសហការគ្នារវាង RUPP ពុទ្ធិសាកលវិទញយាល័យព្រះសីហនុរាជ នៃក្រសួងធម្មការ និងសាសនា នឹងរួមគ្នា ភិវឌ្ឍន៍ភាសាខ្មែរ ឲ្យក្លាយជាប្រទេសឈានមុខគេលើការ ប្រើប្រាស់ភាសាខ្មែរ។ លោកថា ការបណ្តុះបណ្តាល ភាសាខ្មែរ ឲ្យបានជ្រៅជ្រះ ជាងពេលបច្ចុប្បន្ន និងធ្វើឲ្យកម្ពុជា សំបូរបែបនៃឯកសារ និងបង្ហាញឲ្យពិភពលោក បានដឹងថាខ្មែរ គឺជាម្ចាស់ដើមនៃភាសាខ្មែរ។

លោក ជេត ជាលី បន្ថែមថា ការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ បានធ្វើឡើង ក្រោយពីសាកលវិទ្យាល័យ មើលឃើញថា ពុទ្ធិកសាកលវិទ្យាល័យគឺជាកន្លែងដ៏ធំមួយដែលសាកលភូមិន្ទភ្នំពេញ មិនអាចមើលរំលងបាន ដែលសំបូរទៅដោយ បណ្ឌិតសំស្រ្កឹត ខាងភាសាបាលី ដែលជាឫសគល់នៃភាសាខ្មែរ ហើយនិងក្រុមប្រឹក្សាជាតិភាសាខ្មែរ បានចាប់ដៃគ្នា ដំណើរការទៅបានល្អ គ្មានសាលាណា ដែលចេះភាសាខ្មែរជាងខ្មែរនោះទេ។

លោក ជេត ជាលី បន្តថា នេះជាលើកទី១ហើយ ដែលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ បានចាប់ដៃគូ និងចុះអនុស្សារណៈ នៃការ យោគយល់គ្នា ជាមួយ ភាគីខ្មែរគ្នាឯង នេះបង្ហាញឲ្យឃើញថា «ខ្មែរគឺស្រឡាញ់ខ្មែរគ្នាឯង គ្មាននរណាចេះភាសាខ្ញុំជាងខ្ញុំ»

ជាមួយគ្នានោះដែរ ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា សាកលវិទ្យាធិការរងទទួលបន្ទុក ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ បានមានសង្ឃដីកថា ការចុះអនុស្សារណៈនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ឧត្តមសិក្សាទាំងពីរ ដែលមានវ័យចំណាស់ ជាងគេនៅកម្ពុជា។

ព្រះអង្គ ឃី សុវណ្ណរតនា មានសង្ឃដីកាបន្ថែមថា ចំពោះការពង្រឹងការបណ្តុះបណ្តាលភាសាខ្មែរ ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ កំពុងបណ្តុះបណ្តាលថ្នាក់បណ្ឌិត និងអនុបណ្ឌិត និងអាចឈានទៅដល់ការបណ្តុះបណ្តាលថ្នាក់ បណ្ឌិតខាងភាសាខ្មែរបន្ថែមទៀត ហើយគោលបំណងនៃការចុះអនុស្សារណៈនេះ គឺដើម្បីពង្រឹងការបណ្តុះបណ្តាល ភាសាខ្មែរឲ្យកាន់តែទូលំទូលាយ និងទាក់ទាញ និស្សិតបរទេស មករៀននៅកម្ពុជា។

ព្រះធម្មឃោសាចារ្យបណ្ឌិតនៃ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានមានសង្ឃដីកាថា សាកលវិទ្យាល័យទាំងពីរ រំពឹងថា នឹងអាច បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពធនធានសាស្រ្តចារ្យ របស់កម្ពុជា បន្ថែមឯកសារក្បួនច្បាប់ទាក់ទង នឹងភាសាខ្មែរឲ្យកាន់តែសំបូរបែប និងបន្ថែមការស្រាវជ្រាវមួយចំនួនទៀត ជាការផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក។

គួរបញ្ជាក់ថា ការចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៃក្រសួងអប់រំ យុវជន និងកីឡា និងពុទ្ធិ សាកលវិទញយាល័យព្រះសីហនុរាជនៃក្រសួងធម្មការ និងសាសនា មាន៥ចំណុចសំខាន់ៗរួមមាន៖

១៖ ផ្លាស់ប្តូរសាស្រ្តចារ្យ និងបទពិសោធន៍

២៖ ផ្លាស់ប្តូរនិស្សិត ដោយមានការទទួលស្គាល់ប្រព័ន្ធក្រេឌីតគ្នាទៅវិញទៅមក

៣៖ រៀបចំសកម្មភាពអភិវឌ្ឍសមត្ថភាពសាស្រ្តចារ្យលើផ្នែកខេមរសិក្សា

៤៖ សហការលើសកម្មភាពសិក្សាអប់រំ និងបណ្តុះបណ្តាល ព្រមទាំងការរៀបចំសិក្ខាសាលា សន្និសីទខេមរសិក្សា

៥៖ សហការរៀបចំគម្រោងស្រាវជ្រាវងំពីខេមរសិក្សា ដោយផ្តោតសំខាន់ទៅលើពុទ្ធសាសនា និងទស្សនវិជ្ជា

ជាមួយគ្នានោះដែរ លោក ជេត ជាលី ក៏បានថ្លែងអំណរគុណដល់ អគ្គិសនីកម្ពុជា បានឧបត្ថម្ភថវិកា១ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ដល់សាកល វិទ្យាល័យក្នុងការអភិវឌ្ឍភាសាខ្មែរ និងរៀបចំសិក្ខាសាលាផ្សេងៗ។ សកម្មភាពនេះ ទទួលបានការគាំទ្រយ៉ាង ពេញទំហឹងពី សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំ រួមជាមួយស្ថាប័នអប់រំជាច្រើនទៀត។

ជាការកត់សំគាល់ សាកលវិទ្យាល័យភ្នំពេញភូមិន្ទ មាននិស្សិតបរទេសជាង២០០នាក់ កំពុងសិក្សានៅ សាកលវិទ្យាល័យ ចំណាស់មួយនេះ ទាំងកំពុងសិក្សាភាសាខ្មែរ និងភាសាបរទេស៕