(មណ្ឌលគិរី)៖ គួរឲ្យអាណិតហ្មដំរីម្នាក់ ដែលបានស្លាប់បន្ទាប់ពីដំរីរបស់ខ្លួន ចុះប្រេង ដេញវ័ធ និងជាន់ទាំងកម្រោល នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧នេះ ស្ថិតនៅចំណុចអូរមីស សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា បន្ទាប់ពីដេញវ័ធ និងជាន់ម្ចាស់របស់វាហើយ សត្វដំរីមួយក្បាលនេះ មិនបានរត់ទៅណា គឺនៅយាមសពជនរងគ្រោះ លុះមានអន្តរាគមន៍ពីអាជ្ញាធរ និងសមត្ថកិច្ច ទើបដំរីនេះបានរត់ចេញពីម្ចាស់របស់វា។
អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានប្រាប់ថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះ លោកបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច និងមន្រ្តីពាក់ព័ន្ធ ចុះជួយអន្តរាគមន៍រឿងនេះ ដោយខ្លាចសត្វដំរីខាងលើ រត់ទៅវ័ធប្រជាពលរដ្ឋផ្សេងទៀត។
បើតាមសមត្ថកិច្ច ជនរងគ្រោះឈ្មោះ ជើង ទៀម អាយុ៤៥ឆ្នាំ ជនជាតិព្នងជាម្ចាស់ហ្មដំរី ទីលំនៅបច្ចុប្បន្នភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ហើយដំរីដែលជាន់មនុស្សស្លាប់នោះឈ្មោះ តក។
គិតត្រឹមវេលាម៉ោងប្រមាណ១៖៥៥នាទីរសៀលថ្ងៃនេះ សត្វដំរីមួយក្បាលនេះ កម្លាំងសមត្ថកិច្ចមិនទាន់អាចចាប់សត្វដំរីនេះ បាននៅឡើយទេ៕