(បន្ទាយមានជ័យ)៖ អភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន បានឲ្យដឹងថា ប៉ុន្មានថ្ងៃមកនេះមានពលករខ្មែរប្រមាណ ពី៣០០នាក់ ទៅ៥០០នាក់ ក្នុង១ថ្ងៃៗ បានធ្វើដំណើរចេញពីប្រទេសថៃ ឆ្លងកាត់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីជួបជុំគ្រួសារនៅស្រុកកំណើត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
ជាមួយនឹងឱកាសបុណ្យចូលឆ្នាំនេះ រាជរដ្ឋាភិបាលថៃ បានអនុញ្ញាតឲ្យពលករខ្មែរ និងពលករជនជាតិដទៃ ធ្វើដំណើរមកលេងស្រុក កំណើត តាមរថយន្តក្រុងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧។
លោក ង៉ោ ម៉េងជ្រួន បានបន្តថា «អំឡុងពេលនេះ ពលករខ្មែរយើងមិនទាន់សម្រុកមកច្រើនទេ ទាល់កិបចូលឆ្នាំទើបមាន អ្នកបុកមកច្រើន អាចដល់ ៥,០០០នាក់ ទៅ១០,០០០នាក់ តែឥឡូវមានប្រមាណជា ៣០០នាក់ ទៅ៥០០នាក់ទេ»។
ទោះយ៉ាងណា កម្លាំងសមត្ថកិច្ចក្រុងប៉ោយប៉ែត បានបង្កើនកិច្ចសហការជាមួយកម្លាំងអាជ្ញាធរថៃហើយ ដើម្បីជួយសម្រួលដល់ការ ធ្វើដំណើររបស់ពលករខ្មែរ ដែលធ្វើដំណើរមកដល់ច្រកទ្វារព្រំដែនកម្ពុជា-ថៃ។
សូមបញ្ជាក់ថា ក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៧នេះ អាជ្ញាធរថៃ បានចាប់បញ្ជូនពលករខ្មែរខុសច្បាប់ មកទឹកដីកម្ពុជាវិញ ចំនួន១,៨៤៩នាក់៕