(ភ្នំពេញ)៖ នៅក្នុងពិធីដាក់ឲ្យដំណើររោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធទី២ នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំៗ០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹកអំពីភាពឈឺចាប់ចំពោះការបាត់បង់កូនម្នាក់នៅក្នុងផ្ទៃ ដោយសារតែបញ្ហាខ្វះទឹកប្រើប្រាស់ កាលពីទស្សវត្សរ៍ ឆ្នាំ៨០។ សម្តេចបានរំលឹកថា កាលពីសម័យនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានទៅ យោងទឹកពីទន្លេមកដាក់ក្នុងពាងនៅផ្ទះ បណ្តាលឱ្យរលូតកូន នៅក្នុងផ្ទៃតែម្តង។
ការរម្លឹកភាពជូចត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើង នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និរោធជំហានទី២ តម្លៃជាង៦០លានដុល្លារ នៅក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអពៅ រាជធានីភ្នំពេញ។ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និរោធជំហានទី២នេះ អាចផលិតទឹកស្អាតបាន ១៣០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ មិនបានយកទឹក ពីក្រោមឡើងទៅលើនោះទេ បែរជាទុកឱ្យភរិយា រែកទឹកពីក្រោមឡើងទៅលើ ដូច្នេះក៏បានធ្វើឱ្យបាត់បង់កូនម្នាក់ទៀត ដែលពាក្យខ្មែរយើងហៅថា រលូតកូន។ នេះជាប្រវត្តិពិតប្រាកដ ដែលយើងបានចាប់ផ្តើមតាំងពីពេលដែលយើងប្រើប្រាស់ទឹក ដែលត្រូវយកពីទន្លេមេគង្គ ក្នុងឋានៈជារដ្ឋមន្រ្តីការបរទេសសម័យនោះ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា រហូតដល់ពេលនេះ បញ្ហាទឹកសម្រាប់ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ មិនមែនជាបញ្ហា ចោទទៀតទេ៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖