(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកនៃ ខ.ភ.ម តំណាងនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើដោយមន្ត្រីយោធាជាន់ខ្ពស់ ក្នុងក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃ ខ.ភ.មបញ្ជាការដ្ឋានកងទ័ពជើងគោក នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខ ដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈជើង ការពារបូរណភាពទឹកដី ក្នុងភូមិសាស្ត្រយោធភូមិ ភាគទី៥ ក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរកា ព.ស ២៥៦១ នៅអង្គភាពកងពលតូចថ្មើរជើងលេខ៥៣។
អង្គភាពដែលចូលរួម នៅក្នុងកម្មវិធីជួបសំណេះសំណាលនោះរួមមាន៖ កងពលតូចលេខ៥២ កងពលតូចលេខ៥២ កងការពារព្រំដែនលេខ៥០១, ៥០២, ៥០៣ វរសេនាតូចរថក្រោះលេខ៦៦ កងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន និងនៅស្នងការនគបាល ខេត្តពោធិ៍សាត់ បាត់ដំបង និងប៉ៃលិន អង្គភាពតំបន់ប្រតិបត្តិការ សឹករងខេត្តពោធិ៍សាត់ បាត់ដំបង និងប៉ៃលិន។ អំណោយចែកជូន នាពេលនោះ រួមមាន មី ត្រីខ ស្រាប៊ៀ ទឹកក្រូចជាដើម៕