(ភ្នំពេញ)៖ ដូចអ្វីដែលបានគ្រោងទុក នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧នេះ មន្ត្រីជំនាញ់ស៉ីម៉ាក់ចំនួន១០រូប និងឆ្កែហិតមីនចំនួន៦ក្បាល បានចេញដំណើរពីកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ប្រទេស អ៉ីស្រាអ៊ែលហើយ ដើម្បីបំពេញបេសកកម្មដោះមីននៅទីនោះ រយៈពេលប្រមាណ៤ខែ។
នេះជាការចេញដំណើររបស់ក្រុមទី១ ខណៈការចេញដំណើររបស់ក្រុមទី២ មានមន្ត្រីស៉ីម៉ាក់១៣រូប និងឆ្កែហិតមីន៦ក្បាលផ្សេងទៀត នឹងត្រូវចាកចេញពីកម្ពុជានៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧។ ដោយសរុបទាំង២លើក មន្ត្រីស៉ីម៉ាក់ទាំងអស់ចំនួន២៣រូប និងឆ្កែហិតមីនចំនួន១២ក្បាល។
លោក ហេង រតនា អគ្គនាយកស៉ីម៉ាក បានបញ្ជាក់ថា បេសកកម្មនេះ ជាកិច្ចសហប្រតិបតិ្តការ បោសសំអាតគ្រាប់មីន នៅលើពិភពលោក តាមតំបន់ដែលមានសន្តិភាពល្អ ពោលគឺកន្លែងដែលបោសសំអាតមីននោះ ជាតំបន់កសិកម្ម ទេសចរណ៍ និងវប្បធម៌ មានចំងាយជាង២០០គីឡូម៉ែត្រ ពីក្រុងតែលអាវី ដែលស្ថិតនៅឆ្ងាយពីប្រទេសប៉ាឡេស្ទីន ហើយតំបន់ប្រតិបតិ្តការនោះ មានការអភិវឌ្ឍន៍ខ្លាំង ខាងវិស័យកសិកម្ម ដែលហៅថា តំបន់Tamar និង Ein Yahav។
អគ្គនាយករូបនេះ បានបញ្ជាក់បន្ថែមថា «កិច្ចប្រតិបតិ្តការនេះ សិ្ថតក្នុងកំរិតសហប្រតិបត្តិការបច្ចេកទេស នៅតំបន់មានសន្តិភាព និងការអភិវឌ្ឍន៍។ ស៉ីម៉ាក់សង្ឃឹមយ៉ាងមុតមាំថា តាមរយៈបទពិសោធន៍នេះ កម្ពុជានឹងអាចជួយគាំទ្រដល់ ការដោះមីន ដើម្បីគាំទ្រការអភិវឌ្ឍន៍ និងពង្រឹងសន្តិភាពក្រោយបញ្ចប់សង្គ្រាម»។
សូមជម្រាបថា ក្រុមជំនាញស៉ីម៉ាក់ ក្រុមទី១ ដែលចេញពីកម្ពុជានៅថ្ងៃទី៥ ខែមេសានេះ នឹងទៅដល់ប្រទេសអ៉ីស្រាអ៊ែល នៅថ្ងៃទី៦ ខែមេសា ខណៈក្រុមទី២ ដែលចេញពីកម្ពុជានៅថ្ងៃទី៨ ខែមេសា នឹងទៅដល់ប្រទេសអ៉ីស្រាអ៊ែល នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧។ ដោយសារបេសកកម្មនេះ ពួកគាត់នឹងមិនបានជួបជុំគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឡើយ៕