(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧នេះ បានផ្តល់ថវិកាបន្ថែមចំនួន ៩៥៤,២១០ដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផា ដើម្បីរួមចំណែកដោះស្រាយបញ្ហាហិរញ្ញវត្ថុ របស់មន្ទីរពេទ្យគន្ធបុប្ផា និងជាប្រយោជន៍សម្រាប់កុមារ ទាំងឡាយ ជាពិសេស កុមារក្រីក្រកម្ពុជា ដែលមានជម្ងឺ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។
ថវិកានេះ បានពីការតម្លើងថ្លៃប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ចំពោះភ្ញៀវទេសចរបរទេសក្នុងម្នាក់ ២ដុល្លារ សម្រាប់រយៈពេលពីរខែ គិតចាប់ពីខែកុម្ភៈដល់បំណាច់ខែមីនា ឆ្នាំ២០១៧ និងជាការឧបត្ថម្ភបន្ថែម ពីលើថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ជូនមូលនិធិគន្ធបុប្ផាជារៀងរាល់ឆ្នាំ។ ការផ្តល់ជូនថវិកានៅព្រឹកនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ និងការគិតគូរ បន្ថែមទៀតរបស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រួលបញ្ហាហិរញ្ញវត្ថុ និងបន្តនិរន្តភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាជាប្រក្រតី។
រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តផ្តល់ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងបន្តបើកផ្តល់ថវិកា ដែលបានពីការតម្លើងថ្លៃប័ណ្ណចូលទស្សនា រមណីយដ្ឋានអង្គរខាងលើ ជូនដល់មូលនិធិគន្ធបុប្ផា ជាបន្តបន្ទាប់ជារៀងរាល់ត្រីមាស ទៅតាមចំនួនភ្ញៀវទេសចរបរទេស ដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ។
តាងនាមរាជរដ្ឋាភិបាលកម្ពុជា, រដ្ឋមន្រ្តីទាំងពីរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ ដែលបានខិតខំដឹកនាំមន្ទីរពេទ្យគន្ធបុប្ផានាពេលកន្លងមក និងបានជូនពរលោកវេជ្ជបណ្ឌិតឱ្យឆាប់បានជាសះស្បើយពីរោគាពាធ៕