(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញជូនដំណឹងផ្លូវការ បញ្ជាក់ពីដំណើរនៃការដាក់ឲ្យ ជិះរថយន្តក្រុងរាជធានីភ្នំពេញ ដោយឥតគិតថ្លៃរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ ១៧ ខែមេសា ឆ្នាំ២០១៧ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការបម្រើសេវាដឹកជញ្ជូនសាធារណៈក្នុងរាជធានីភ្នំពេញ តាមរថយន្តក្រុងដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋនេះ ធ្វើឡើងស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
សូមជម្រាបថា កាលពីថ្ងៃទី២២ ខែមីនាកន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា នៅរយៈពេល៥ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យប្រជាពលរដ្ឋជិះ រថយន្តក្រុងទាំង៥៧គ្រឿង ដែលកំពុងរត់តាមខ្សែនានាក្នុងរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ដើម្បីផ្តល់ភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលមិនបានចេញទៅតាមបណ្តាខេត្ត។
សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះថា «ពិតហើយមានក្រុមហ៊ុន Ganzberg គាត់ជួលឡាន១០០គ្រឿង សម្រាប់ការផ្តល់សំបុត្រឲ្យមនុស្សជិះ ដូចជា៥ពាន់នាក់ ដោយអត់យកប្រាក់, ឥឡូវនេះឯកឧត្តមអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស ប្រកាសថា ក្នុងរយៈពេល៥ថ្ងៃ រថយន្តនៅក្រុងភ្នំពេញ ចំនួន៥៧គ្រឿង ដែលកំពុងតែរត់តាមខ្សែ ក្នុងក្រុងភ្នំពេញនេះ គឺជិះអត់យកលុយ ជិះ Free តែម្តង។ សូមប្រជាពលរដ្ឋដែល អត់ធ្វើដំណើរទៅតាមខេត្ត មកចូលរួមជិះឡាននេះ ដើរមើលក្រុង ព្រោះអ្នកអត់ទៅតាមខេត្ត អាចមកជិះមើលក្រុង ពីខ្សែមួយទៅខ្សែមួយ ជិះឲ្យគ្រប់ រួចចូលសម្រាកងើបពីសម្រាកហើយ ឡើងមកជិះទៀត ដែលនេះ (ជិះឥតគិតថ្លៃ) ជាការបង្កើននូវការរីករាយ សម្រាប់អ្នកនៅតាមខេត្តផង និងអ្នកនៅទីក្រុងដែលមិនទៅណាផង ហើយអ្នកជនបទដែលមកលេងនៅទីក្រុង ក៏មកដល់ជិះឡានហ្នឹងមិនបាច់អស់លុយដែរ»៕