(ញូយ៉ក)៖ ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនគ្មានជម្រើសអ្វី ក្រៅពីការរក្សាទំនាក់ទំនងអាមេរិក-ចិន ដ៏ស្មើភាពមួយ ដែលរួមមាននូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដែលអាចផ្តល់អត្ថប្រយោជន៍ក៏ដូចជា ផលចំណេញចំពោះប្រជាជននៃប្រទេសទាំងពីរនោះឡើយ ហើយវាក៏អាចបម្រើជាមូលដ្ឋានគ្រឹះ និងកត្តាដ៏សំខាន់មួយសម្រាប់ស្ថិរភាពពិភពលោកផងដែរ។ នេះបើតាមការវិភាគរបស់មន្រ្តីការទូតជើងចាស់សហរដ្ឋអាមេរិកម្នាក់ ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ២០១៧។
លោក Roberts Hormats វ័យ៧៣ឆ្នាំ ជាមន្រ្តីការទូតជើងចាស់ និងអ្នកសេដ្ឋកិច្ចមួយរូប ដែលបានចូលរួមយ៉ាងសកម្មក្នុងការស្តារទំនាក់ទំនងអាមេរិក-ចិន កាលពីសម័យទសវត្សរ៍ឆ្នាំ១៩៧០ ក្រោមរដ្ឋបាលអតីតប្រធានាធិបតី Richard Nixon និងធ្លាប់ជាទីប្រឹក្សាជាន់ខ្ពស់របស់បុគ្គលល្បីៗដែលពាក់ព័ន្ធនឹងវិស័យការទូតចំពោះប្រទេសចិន នៅអំឡុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះផងដែរនោះ បានលើកឡើងថា «វាដូចជាទំនៀមទំលាប់មួយទៅហើយ សម្រាប់អតីតមេដឹកនាំអាមេរិកភាគច្រើន តែងតែមានចំណងកិច្ចសហប្រតិបត្តិការដ៏រឹងមាំជាមួយចិន»។
នៅក្នុងទស្សនៈយល់ឃើញរបស់លោក Hormats សហរដ្ឋអាមេរិក និងចិន ដែលមានឈ្មោះជាមហាអំណាច និងជាកំពូលសេដ្ឋកិច្ចទាំងពីររបស់ពិភពលោកនោះ តាមពិតមានការចំណាប់អារម្មណ៍រួមគ្នាខ្លាំងនៅក្នុងផ្នែកជាច្រើន ហើយវាដូចជាកម្រខ្លាំងណាស់ ក្នុងការមើលឃើញការដោះស្រាយបញ្ហាសាកលសំខាន់ៗជាច្រើន ដោយគ្មានវត្តមាននៃប្រទេសទាំងពីរចូលរួមសហការគ្នានោះ។
ដោយឡែកសម្រាប់មនុស្សមួយចំនួន ដែលប្រកាន់យកទឹ្រស្តីនៃការទប់ស្កាត់ឥទ្ធិពលចិន ដើម្បីរក្សាអានុភាពអាមេរិកនៅលើពិភពលោកវិញនោះ មន្រ្តីជើងចាស់រូបនេះបានលើកឡើងថា គំនិតរបស់ពួកគេដូចជាចាស់គំរិលពេកហើយ។ លោក Hormats បានថ្លែងថា «តាមគំនិតខ្ញុំការសហការ កិច្ចសហប្រតិបត្តិការ និងការស្វែងរកដំណោះស្រាយឈ្នះ-ឈ្នះ គឺជារឿងដ៏សាកសមបំផុត ហើយការធ្វើការងារជាមួយចិនគឺជាចម្លើយដ៏ត្រឹមត្រូវ»។
ជាចុងក្រោយស្របពេលដែលមេដឹកនាំនៃប្រទេសទាំងពីរ គ្រោងនឹងជួបពិភាក្សាការងារជាមួយគ្នានាចុងសប្តាហ៍នេះ នៅក្នុងរដ្ឋផ្លូរីដា លោក Robert Hormats បានបង្ហាញភាពជឿជាក់ថា ជំនួបដ៏ឆាប់បែបនេះ ដែលនឹងប្រព្រឹត្តទៅត្រឹមតែពីរខែកន្លះប៉ុណ្ណោះនោះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឡើងកាន់អំណាច នឹងពុំត្រឹមតែផ្តល់សារៈប្រយោជន៍ដល់ប្រទេសទាំងសងខាងប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងបម្រើដល់ផលប្រយោជន៍នៃភាគីដទៃៗទៀតផងដែរ៕