(កណ្តាល)៖ បុរសម្នាក់ត្រូវចោរវាយទម្លាក់ពីលើម៉ូតូ រួចយកទៅជាន់កក្នុងទឹកថ្លុកក្បែរផ្លូវស្លាប់យ៉ាងអាណោចអាធ័ម ដើម្បីប្លន់យកម៉ូតូមួយគ្រឿង​ទៅបាត់ នៅយប់រំលងអាធ្រាត្រចូលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១បេ ភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

មន្រ្តីនគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡុង សារឿន អាយុ៤៦ឆ្នាំ រស់នៅភូមិឈើទាលភ្លោះ ឃុំព្រៃអំពក ស្រុកគីរីវង្ស ខេត្តតាកែវ ជិះម៉ូតូ១​គ្រឿងម៉ាក​C125 សេរី២០១៤ ពណ៌ខ្មៅ។

តាមការបំភ្លឺរបស់សាក្សីគឺអ្នកស្រី ញាន សាផាន មានផ្ទះនៅជិតកន្លែងកើត ហេតុបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ គាត់បានឮសម្លេង​មនុស្សវាយគ្នា នៅមុខផ្ទះរបស់គាត់ ហើយស្រែកឲ្យជួយ ទើបគាត់ភ្ញាក់ក្រោកមើលតាមចន្លោះទ្វារផ្ទះ ឃើញមនុស្សប្រុស២នាក់វាយគ្នា មើលតាម​ចំណាំងភ្លើងឡាន។ លុះបានប្រហែល១០នាទី ក៏លែងឮសម្លេងមនុស្សស្រែក ហើយឃើញ មនុស្សម្នាក់ដើរមកយកម៉ូតូ ជិះចេញទៅបាត់តែម្ដង តែមិនដឹងថាមានមនុស្សស្លាប់នោះទេ។

នគរបាលបន្តថា បន្ទាប់ពីជនសង្ស័យគេចខ្លួនបាត់ទៅ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ភ្លាមៗនោះ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុក បានចុះ​ទៅដល់ធ្វើការត្រួតពិនិត្យ រកឃើញវត្ថុតាងស្បែកជើងស៊ក០១គូ០១ចំហៀង មួកសុវត្ថិភាព២ មួកកាតិប០១ទូរសព្ទដៃ២គ្រឿង កាបូបដៃចំនួន១ កាតគ្រីម៉ូតូ០១សន្លឹក អត្តសញ្ញាណបណ្ណ០១សន្លឹក(រលប់អក្សរ)។

ដូច្នេះករណីនេះអាចជា ករណីលួចមានស្ថានទម្ងន់ទោស ប៉ុន្តែទោះបីជាយ៉ាងណា នគរបាលកំពុងធ្វើការស្រាវជ្រាវបន្ត។
បច្ចុប្បន្នសាកសព​ត្រូវ​បានយកមកតម្កល់នៅវត្តឈូងលាភ រង់ចាំប្រពន្ធ និងកូនមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕