(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧នេះ បានបង្ហាញមុខជនសង្ស័យជនជាតិចិន ២នាក់ប្ដីប្រពន្ធ ដែលបានយកមាសក្លែងក្លាយ៣០ដុំ និងតាកំប៉ោង១ ទៅលក់នៅផ្សារទំនើបស៊ីធីម៉ល។
លោកវរសេនីយ៍ឯក ជាវ វិបុល នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ ខ្លួនជាប្ដីឈ្មោះ ZHANG JAI SHEN អាយុ៤៦ឆ្នាំ និងប្រពន្ធឈ្មោះ ZHONG XIV LONG អាយុ៤១ឆ្នាំ។
បើលោកនាយការិយាល័យ នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ជនសង្ស័យទាំង២ បានយកដុំមាសក្លែងក្លាយចំនួន៣០ដុំ និងសំណាកតាកំប៉ោងពណ៌មាស១ ទៅលក់ឲ្យឈ្មោះ ឈុន ថៃសាន ភេទប្រុស អាយុ៥៧ឆ្នាំ ជាអាជីវករ។ ក្រោយពីពិនិត្យឃើញដុំមាសទាំងនេះ ថាជារបស់ក្លែងក្លាយ ជនរងគ្រោះបានរាយការណ៍ទៅ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួង ហើយលោកបានសុំគោលការណ៍ ពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការនាំខ្លួនជនសង្ស័យទាំង២នាក់ យកទៅក្រសួងមហាផ្ទៃ និងធ្វើការស៊ើបអង្កេតបឋម។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានរឹបអូស ដុំមាសក្លែងក្លាយទាំង៣០ដុំ និងសំណាកតាកំប៉ោងពណ៌មាស ទុកជាវត្ថុតាងដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕