(ភ្នំពេញ)៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ បានជូនដំណឹងនៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧នេះថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ដោះស្រាយបញ្ហា និងរៀបចំមាតុភូមិនិវត្តន៍របស់ ពលករ-ពលការិនី ខ្មែរចំនួន៥នាក់ទៀតហើយ ដែលបានចោទបោកមេខ្យល់ទៅធ្វើការនៅម៉ាឡេស៊ី។
បើតាមក្រសួងការបរទេស បញ្ជាក់ថា ពលករ២នាក់ ត្រូវបានមេខ្យល់បោកបញ្ឆោតនាំ ធ្វើដំណើរតាមរថយន្តកាត់តាមព្រំដែនថៃ ទៅម៉ាឡេស៊ី ធ្វើការងារតាមផ្ទះ កាលពីឆ្នាំ២០១៥។ ដោយការងារលំបាក និងនិយោជកមិនព្រមបើកប្រាក់ខែ ពលការិនីទាំងពីរបានទាក់ទងមកក្រុមគ្រួសារនៅកម្ពុជា ដើម្បីជួយពួកគេត្រឡប់មកកម្ពុជាវិញ។ បន្ទាប់ពីទទួលបានសំណូមពរ ពីក្រុមគ្រួសាររបស់ពលការិនីទាំងពីរ ស្ថានទូតបានអន្តរាគម ហើយនិយោជករបស់ពលការិនីទាំង២នាក់ បានយល់ព្រមនាំពលការិនីមកស្ថានទូត និងប្រគល់លិខិតឆ្លងដែន ប្រាក់ខែដែលនៅសល់ និងសំបុត្រយន្តហោះជូនដល់អ្នកទាំងពីរ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧។
បន្ថែមពីនេះ ពលករ-ពលការិនី៣នាក់ទៀត ត្រូវបានមេខ្យល់ នាំធ្វើដំណើរតាមរថយន្តកាត់តាមព្រំដែនថៃ ទៅម៉ាឡេស៊ី ធ្វើការជាអ្នកលក់ដូរ កាលពីខែកក្កដា ឆ្នាំ២០១៦។ ដោយចង់ត្រឡប់មកកម្ពុជាវិញ ពួកគេបានស្នើសុំកិច្ចអន្តរាគមន៍ពីស្ថានទូត នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ ហើយស្ថានទូតបានសម្របសម្រួលជាមួយ ការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ដើម្បីបញ្ជូនពលករទាំង៥នាក់ មកកម្ពុជាវិញ។
សូមបញ្ជាក់ថា ពលករ-ពលការិនីទាំង៥នាក់ខាងលើ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង០៧៖៣៥នាទីព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧៕