(ភ្នំពេញ)៖ គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បានបញ្ជាក់ក្នុងសន្និសីទ សារព័ត៌មាន នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧នេះថា ក្នុងចំណោមប្រជាពលរដ្ឋខ្មែរក្នុងប្រទេស ដែលមានសិទ្ធិបោះឆ្នោតទាំងអស់ មានប្រជាពលរដ្ឋ ៨៩.៣ភាគរយ មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មី របស់ គ.ជ.ប ឆ្នាំ២០១៦។
ខុមហ្រ្វែល បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងចំណោមប្រជាពលរដ្ឋខ្មែរក្នុងប្រទេស ដែលមានសិទ្ធិបោះឆ្នោតមាន៨៩.៣ភាគរយ មានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតនោះ ខ្លួនបានរកឃើញថា «មាន៩៨ភាគរយ មានភាពសុក្រឹត្យជឿទុកចិត្តបាន ចំណែកតិចឬច្រើនជាង ២ភាគរយទៀត ជាភាពលម្អៀងមិនអាចកំណត់បាន»។
ក្នុងសន្និសីទស្ដីពី «លទ្ធផលស្រាវជ្រាវពី ការធ្វើសវនកម្មបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០១៧» ដែលមានលោក គឹម ឈន អ្នកសម្របសម្រួលជាន់ខ្ពស់នៃកម្មវិធី លោក កន សាវង្ស មន្រ្តីជាន់ខ្ពស់ផ្នែកអង្កេត នៃអង្គការខុមហ្វ្រែល និងលោក សំ គន្ធាមី នាយកប្រតិបត្តិ NICFEC ជាសហវាគ្មិននោះ បានបញ្ជាក់ថា «ប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត ដែលរស់នៅក្នុងប្រទេសចំនួន៨៩.៣% មានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៦»។
វាគ្មិនទាំងនោះបានបន្តថា «ការផ្ទៀងផ្ទាត់ព័ត៌មាន ក្នុងបញ្ជីឈ្មោះបោះឆ្នោតតាមទីតាំង របស់អ្នកមានឈ្មោះក្នុងបញ្ជី ឈ្មោះបោះឆ្នោត គឺចំនួន៩៨% បានបង្ហាញភាពត្រឹមត្រូវ និងមានវត្តមាន។ រីឯ២%ទៀត ខុមហ្វ្រែល មិនអាចកំណត់បានថា តើពួកគាត់រស់នៅទីនោះ ពិតប្រាកដ ឬយ៉ាងណានោះទេ ដោយមូលហេតុថា អ្នកទាំងនោះមិនមានការបញ្ជាក់ ពីអ្នករស់នៅក្នុងភូមិ, មេភូមិ មេឃុំ មិនបានសហការ ការបញ្ជាក់ឲ្យបានច្បាស់នោះទេ»។
ទោះយ៉ាងណា ខុមហ្វ្រែល បានបញ្ជាក់ថា លទ្ធផលទាំងនេះ បានបង្ហាញពីភាពល្អប្រសើរ បើប្រៀបធៀបជាមួយការធ្វើសវនកម្ម កាលពីឆ្នាំ២០១៣ ហើយមានភាពល្អប្រសើរជាងប្រទេសមួយចំនួនទៀត។
សូមជម្រាបថា ក្នុងយុទ្ធនាការការងារសវនកម្មនេះ គណៈកម្មាធិការខុមហ្វ្រែល បានប្រើប្រាស់អ្នកសង្កេតការណ៍ សម្រាប់សម្ភាសន៍ ប្រជាពលរដ្ឋចំនួន ២៥២នាក់ ដោយដំណើរការចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។
ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ពោលសល់តែប្រមាណ៦១ថ្ងៃទៀតប៉ុណ្ណោះ៕