(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ មិនទាន់អាចអះអាងថា លទ្ធផលថ្មីនៃកិច្ចប្រជុំគណៈកម្មាធិការនាយក របស់គណបក្សសង្រ្គោះជាតិ ដែលសម្រេចលុបពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» និងរក្សាក្បាលម៉ាស៊ីនដឹកនាំបក្ស ឱ្យនៅដដែលនោះ ត្រឹមត្រូវតាមលក្ខន្តិកៈ ឬយ៉ាងណានោះទេ ប៉ុន្តែសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កំពុងពិនិត្យមើលលទ្ធផលនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលបានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៥ ខែមេសានេះ។
កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ គណបក្សសង្រ្គោះជាតិ បានបញ្ជូនលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការនាយករបស់ខ្លួន ស្តីពីការសម្រេចលុបចោលពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» និងការរក្សាក្បាលម៉ាស៊ីនដឹកនាំថ្មី ទៅដល់ក្រសួងមហាផ្ទៃ ក្រោយពេលប្រជុំ១ថ្ងៃ។ តាមកម្មវត្ថុនៃលិខិតនេះ គឺជាការជូនដំណឹងស្តីពីសមាសភាពប្រធាន និងអនុប្រធានគណបក្សសង្រ្គោះជាតិ និងការជូនដំណឹង ស្តីពីការដកចំណងជើងចេញពីគោលនយោបាយអាទិភាព៥ចំណុច សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។
លោក ខៀវ សុភ័គ បានបញ្ជាក់ឱ្យដឹងថា រហូតដល់ពេលនេះ ក្រសួងមហាផ្ទៃមិនអាចឆ្លើយតបយ៉ាងណានោះទេ ចំពោះករណីនេះ ហើយថា ក្រសួងកំពុងពិនិត្យមើលសំណើរបស់គណបក្សប្រឆាំង។ ក្នុងករណីដែលពិនិត្យរួចរាល់ ក្រសួងនឹងជូនដំណឹងជាផ្លូវការតែម្តង។
សូមជំរាបថា នៅរសៀល ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ គណបក្សសង្រ្គោះជាតិ បើកកិច្ចប្រជុំគណៈកម្មាធិការនាយក ដើម្បីរៀបចំកែសម្រួល ក្បាលម៉ាស៊ីនរបស់ខ្លួនឡើងវិញ ឱ្យស្របតាមលក្ខន្តិកៈនិង ពិនិត្យលើការប្រើប្រាស់ពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត»។
ក្រោយកិច្ចប្រជុំនេះ គណបក្សសង្រ្គោះជាតិ បានសម្រេចរក្សាក្បាលម៉ាស៊ីនថ្មីរបស់ខ្លួនឱ្យនៅដដែលដោយពុំមានការកែប្រែនោះទេ ប៉ុន្តែគណបក្សនេះ បានសម្រេចលុបចោលសារនយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» ដោយមិនអនុញ្ញាតឱ្យប្រើប្រាស់ទៀតឡើយ។ ក្បាលម៉ាស៊ីនដឹកនាំបក្ស ដែលរក្សានៅដដែលនេះ គឺ លោក កឹម សុខា ជាប្រធាន និងមានអនុប្រធាន៣រូប ក្នុងនោះមាន លោក ប៉ុល ហំម, លោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង។
ការសម្រេចបែបនេះ បានធ្វើឡើង ក្រសួងមហាផ្ទៃ បានទទួលស្គាល់ការធ្វើវិសោធនកម្មលើប្រការ៤៥ និងប្រការ៤៧ នៃលក្ខនិ្តកៈ ដែលបានអនុម័តដោយសមាជវិសាមញ្ញរបស់គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ និងស្នើឱ្យគណបក្សសង្រ្គោះជាតិ បន្តយកចិត្តទុកដាក់ អនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខនិ្តកៈថ្មីរបស់ខ្លួន៕