(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា លោកនឹងដាក់ លិខិតជូន ក្រសួងមហាផ្ទៃ នៅវេលាម៉ោង២៖០០រសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧នេះ ដើម្បីចុះសួរសុខទុក លោក គឹម សុខ ដែលត្រូវបានតុលាការឃុំខ្លួន នៅក្នុងពន្ធនាគារព្រៃស។

ប្រធានគណបក្សយុវជនកម្ពុជា បានចាត់ទុកថា លោក គឹម សុខ គឺជាអ្នកក្លាហានមួយរូប ដែលហ៊ាននិយាយការពិត ហើយលោក កោតសរសើរចំពោះអ្នកវិភាគនយោបាយរូបនេះ។ លោកថ្លែងថា «ទោះបីជាខ្ញុំបានស្គាល់លោក គឹម សុខ បានតែរយៈពេល មួយម៉ោង ក៏ដោយ ប៉ុន្តែខ្ញុំកោតសរសើរចំពោះភាពក្លាហាន របស់លោកដែលហ៊ាននិយាយចំៗ ចំពោះព្រឹត្តការណ៍សង្គមនៅក្នុងប្រទេស កម្ពុជាបច្ចុប្បន្ន»

នៅពេលដែលសួរថា តើលោកខ្លាចការចោទលោកថា ទៅបញ្ចុះបញ្ចូល លោក គឹម សុខ ដែរឬទេ ព្រោះកន្លងមក លោក គឹម សុខ ធ្លាប់បានអះអាងថា មានគេបញ្ជូនមនុស្សទៅបញ្ចុះបញ្ចូលគាត់?។ លោក ពេជ្រ ស្រស់ បានឆ្លើយថា «ខ្ញុំមិនបានបារម្ភទេ ដោយហេតុ គោលបំណងពិតជាកញ្ចក់ឆ្លុះ ហើយអាស្រ័យលើការសន្ទនារបស់ខ្ញុំនឹងគាត់ ពីការនិយាយអាចសនិ្នដ្ឋានបានថាការបញ្ចុះបញ្ចូល ឬអត់នោះ»

សូមជំរាបថា លោក គឹម សុខ អ្នកវិភាគនយោបាយ និងសង្គមនៅកម្ពុជា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ ចំនួន២បទល្មើសគឺបទ «ញុះញង់ឱ្យ ប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ ជាសាធារណៈ» បន្ទាប់ពីលោកចូលខ្លួនឆ្លើយបំភ្លឺចំពោះករណីចោទថា គណបក្សប្រជាជនកម្ពុជា សម្លាប់លោក កែម ឡី។

លោក គឹម សុខ ត្រូវបានមេធាវីសម្តេចតេជោ ហ៊ុន សែន ដាក់ពាក្យប្តឹងកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីលោកនិយាយ ចោទប្រកាន់គណបក្សប្រជាជនកម្ពុជាបែបនេះ នៅក្នុងវេទិកាមួយរបស់វិទ្យុអាស៊ីសេរី។ លោក គឹម សុខ ក៏ត្រូវបានមេធាវីសម្តេចតេជោ ប្តឹងមួយករណីទៀត ចំពោះការចោទ រាជរដ្ឋាភិបាលកម្ពុជា រៀបចំប្រព័ន្ធមួយដើម្បីសម្លាប់មនុស្ស ហើយរកមុខឃាតកមិនឃើញផងដែរ៕