(កណ្តាល)៖ លោក ហេង រតនា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកលើកដែក នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧នេះ បានអញ្ជើញចុះសំណេះសំណាល ជាមួយមន្ត្រីរាជការចូលនិវត្តន៍ និងបងប្អូនយោធិនពិការ ដោយបុព្វហេតុជាតិមាតុភូមិ នៅក្នុងស្រុកលើកដែកចំនួន២៥៦នាក់ និងក្រុមយុវជនស្រុក សរុបអ្នកចូលរួមទាំងអស់ចំនួន៣២០នាក់។
ថ្លែងក្នុងឱកាសជួប សំណេះសំណាលនោះដែរ លោក ហេង រតនា នាំយកនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលជានិច្ចកាលតែងតែព្រួយបារម្ភ ពីសុខទុក្ខរបស់ជួនដល់បងប្អូន ប្រជាពលរដ្ឋគ្រប់ពេលវេលា ពិសេសសុខទុក្ខរបស់បងប្អូន មន្ត្រីរាជការចូលនិវត្តន៍ និងយោធិនពិការដោយសារ បុព្វហេតុជាតិមាតុភូមិ។
ជាមួយគ្នានោះដែរ លោក ហេង រតនា បានលើកឡើង និងពន្យល់ជូន ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួម អំពីផលវិបាកនៃសង្គ្រាម ដែលនាំឲ្យប្រទេសវិនាសអន្តរាយ ប្រជាពលរដ្ឋព្រាត់ប្រាសគ្រួសារ បងប្អូន បន្សល់ទុកជនពិការ កុមារកំព្រា ដែលផលវិបាលនេះ ប្រទេសកម្ពុជាបានឆ្លងកាត់រួចហើយ មិនចង់ជួបទៀតឡើយ។
លោក ហេង រតនា ក៏អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួចថែរក្សាសន្តិភាព ដែលរកបានដោយលំបាក តាមរយៈគោលនយោបាយឈ្នះៗ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលធ្វើប្រទេសមានសុខសន្តិភាព ពេញលេញ និងមានការអភិវឌ្ឍន៍កាន់តែខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។
លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ កុំជឿលើការញុះញុង បោកប្រាស់របស់បុគ្គល ឬក្រុមមួយចំនួន ដែលចង់បង្កើតឲ្យមានបដិវត្តន៍ពណ៌នៅកម្ពុជា នាំឲ្យកម្ពុជាឈានដល់ការធ្លាក់ ក្នុងភ្លើងសង្គ្រោមដូចសម័យ ប៉ុល ពត ទៀត។
ក្នុងឱកាសនោះដែរ លោក ហេង រតនា ក៏បានថ្លែងជូនពរក្នុងឱកាសឆ្នាំថ្មី ដែលនឹងឈានចូលមកដល់ នាពេលដ៏ខ្លីខាងមុននេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួបប្រទះតែសេចក្តីសុខ សុវត្ថិភាព ក្នុងពេលធ្វើដំណើរ និងបានផ្តល់អំណាយជាថវិកាមួយចំនួនជូនដល់មន្ត្រីរាជការចូលនិវត្តន៍ និងបងប្អូនយោធិនពិការផងដែរ៕