(កំពត)៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា ករណីក្រុមចោរ៤នាក់ ប្រើអាវុធAK បានចូលទៅបាញ់គំរាមជនរងគ្រោះ យកទ្រព្យសម្បត្តិនៅយប់រំលងអាធ្រាត្រចូល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិខ្វាវ ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពតនោះ នៅមិនទាន់ច្បាស់នោះទេ ដោយនៅពេលនេះកម្លាំងនគរបាលរបស់លោក កំពុងធ្វើការស្រាវជ្រាវបន្តទៀត ដែលអាចជាករណីផ្សេង។ តែយ៉ាងណាក៏ដោយ សម្រា​ប់ករណីនេះ ជនរងគ្រោះ មិនមានរងរបួសនោះទេ ដោយក្រុមចោរគ្រាន់តែបាញ់គំរាមប៉ុណ្ណោះ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវក្រុមចោរប្លន់នោះ ឈ្មោះ ញ៉ែម សារុំ អាយុ៤៨ឆ្នាំ មានទីលំនៅ ក្នុងភូមិឃុំកើតហេតុ។

សមត្ថកិច្ចបានបន្តថា ក្រុមចោរមានគ្នា៤នាក់  ប្រដាប់ដោយអាវុធAK ចំនួន១ដើម បានធ្វើសកម្មភាព បាញ់សំឡុតជនរងគ្រោះចំនួន២គ្រាប់ ហើយពួកវាបានប្លន់យកសម្ភារពីជនរងគ្រោះរួមមាន៖ ម៉ូតូC125 ចំនួន១គ្រឿង ពណ៌ខ្មៅ សេរី2016 ពាក់ស្លាកលេខ កំពត1K-4669 ខ្សែកមាស១ខ្សែ ទំងន់៤ជី ចិញ្ជៀនមាស១វង់ ទំងន់១ជី និងលុយចំនួន៣លាន៧០ម៉ឺនរៀល។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «ករណីនេះនៅមិនទាន់ច្បាស់នោះទេ អាចជារឿងប្រឌិត យើងមិនទាន់ដឹងថា មកពីអ្វីនោះដែរ ដោយនៅពេលនេះ កម្លាំងរបស់យើងកំពុងធ្វើការស្រាវជ្រាវបន្តទៀត ចាំបានលទ្ធផលយើងនឹងជម្រាបជូន នៅពេលក្រោយ»

បើតាមសំដីរបស់សមត្ថកិច្ច ក្រុមចោរដែលធ្វើសកម្មភាពបាញ់ប្លន់ទៅលើជនរងគ្រោះ មិនទាន់កំណត់មុខសញ្ញាបាននៅឡើយទេ ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញា។ បើតាមព័ត៌មានដែលខាងអង្គភាព Fresh News ទទួលបាន ក្រុមចោរបានបន្សល់ទុកស្បែកជើងផ្ទាត់ពណ៌ស២គូ និងមួកកាតឹបពណ៌ក្រហម១។ ចំពោះសំបកកាទូស សមត្ថកិច្ចរកមិនទាន់ឃើញទេ ហើយនៅវេលាព្រឹកនេះ កម្លាំងសមត្ថកិច្ចទាំងនគរបាល និងអាវុធហត្ថ បាននិងកំពុងសហការគ្នាចុះធ្វើការស្រាវជ្រាវបន្តទៀត៕