(ភ្នំពេញ)៖ ក្រោយបញ្ចប់ការប្រកួតរកម្ចាស់ពានរង្វាន់ វោហាស័ព្ទជាសាធារណៈ និងអ្នកតស៊ូមតិដ៏ឆ្នើមថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៧ រួចមក សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) បានរកឃើញបេក្ខនារី ស៊ុ សាន្ដសុគន្ធកក្កដា ដែលជាអ្នកមានថ្វីមាត់ពូកែលើសគេ មានសមត្ថភាពខ្ពស់ ក្នុងការឈោងលើកពានរង្វាន់ វោហាស័ព្ទជាសាធារណៈ និងអ្នកតស៊ូមតិដ៏ឆ្នើម ប្រចាំឆ្នាំ២០១៧ នេះ។
មិនតែប៉ុណ្ណោះ បេក្ខនារីរូបនេះ ក៏ទទួលបានឱកាសជា តំណាងប្រទេស កម្ពុជា ទៅចូលរួមប្រកួតតស៊ូមតិ និងវោហារស័ព្ទថ្នាក់អន្តរជាតិ ដើម្បីដណ្ដើមយកពានរង្វាន់ «អាស៊ីប៉ាស៊ីហ្វិក» នៅប្រទេសមុងហ្គោលី បន្តទៀតផងដែរ នាខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។
កញ្ញា ស៊ុ សានសុគន្ធកក្កដា ជាបុគ្គលិករបស់ក្រុមហ៊ុនកម្ពុជាតេលា ដែល ក្នុងឱកាសទទួលបានមេដាយ ក្នុងវេទិកាប្រកួតប្រជែងពានរង្វាន់ ពីសភាយុវជនពាណិជ្ជករអន្តរជាតិកម្ពុជានេះ កញ្ញាមានទឹកចិត្តត្រេកអរជាខ្លាំង កញ្ញាអរគុណដល់ថ្នាក់ដឹកនាំក្រុមហ៊ុនកម្ពុជាតេលា ដែលបានផ្តល់ពេលវេលា និងបានប្ដេជ្ញាចិត្តថា តស៊ូ ខិតខំប្រឹងប្រែង ឲ្យអស់ពីសមត្ថភាព ក្នុងការប្រកួតបន្តនៅប្រទេសមុងហ្គោលី ដើម្បីដណ្តើមយកពានរង្វាន់《អាសីប៉ាសីហ្វិក》 ជូនជាតិមាតុភូមិ ឲ្យបាន ។
សូមជម្រាបថា នៅក្នុងពិធីប្រកាសបើកការប្រកួត នៅដើមខែមេសា ឆ្នាំ២០១៧ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា «វេទិកាមួយនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សិស្ស-និស្សិតកម្ពុជា អាចជួយជំរុញសិស្ស-និស្សិត ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ភាសាអង់គ្លេស ឲ្យល្អប្រសើរជាងមុនបន្ថែមទៀត ហើយបេក្ខជនដែលទទួលបានជ័យលាភី គឺទទួលបាននូវកិត្តយស ផ្ទាល់ខ្លួន និង រួមចំណែក លើកស្ទួយ កិតិយស្ត ប្រទេសកម្ពុជាផងដែរ»៕