(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានចាកចេញពីប្រទេសកម្ពុជា នៅវេលាម៉ោង១០៖០០ព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីទៅបំពេញទស្សនកិច្ចនៅប្រទេសញូហ្សេលែន និងប្រទេសអូស្រ្តាលី រយៈពេល២សប្តាហ៍។ នេះបើតាមការអះអាងរបស់ លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់ លោក កឹម សុខា ថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃនេះ។
លោក មុត ចន្ថា បានឱ្យដឹងថា នៅញូហ្សេលែន លោក កឹម សុខា នឹងជួបជាមួយសហគមន៍ខ្មែរ មន្រ្តីរដ្ឋាភិបាល និងសមាជិកសភា។ ចំណែកនៅអូស្រ្តាលី គាត់ជួបជាមួយនឹងបងប្អូនខ្មែរនៅទីនោះ ហើយត្រឡប់មកវិញ នៅថ្ងៃ១៨ ឬ១៩ ខែមេសា។
សូមជំរាបថា នេះគឺជាការបំពេញទស្សនកិច្ចរយៈពេលវែងជាលើកដំបូងហើយរបស់ លោក កឹម សុខា ចាប់តាំងពីលោក មានរឿងអាស្រូវនៅតុលាការ ហើយត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលើកលែងទោស ចំពោះសំណុំរឿងមិនចូលខ្លួនតាមការកោះហៅរបស់តុលាការមក។
ទោះជាយ៉ាងណា មន្រ្តីគណបក្សសង្រ្គោះជាតិ បាននិយាយថា ដំណើរទស្សនកិច្ចនេះ លោក កឹម សុខា មិនមានគម្រោងជួបជាមួយ លោក សម រង្ស៊ី នោះទេ៕