(ភ្នំពេញ)៖ យុវជនម្នាក់ដែលអ្នកភូមិថា ជាសកម្មជនគណបក្សសង្គ្រោះជាតិ «CNRP» បានបង្កហិង្សាដោយចេតនា ដោយប្រើដាវកាប់ទៅលើយុវជនម្នាក់ទៀត បណ្ដាលឲ្យរងរបួសហូរឈាមស្រោចខ្លួននោះ ត្រូវបានលោកនាយរងប៉ុស្ដិ៍នគរបាលច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ និងប្រជាការពារចាប់វាយខ្នោះដើម្បីសាកសួរ។ តែសម្រាប់ករណីនេះត្រូវបាននាយនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី២វិញឆ្លើយថា មិនបានកាប់ទៅវិញ។
មន្ត្រីនគរបាលម្នាក់បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យ ដែលបានបង្កហិង្សាដោយចេតនាប្រើដាវកាប់ ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវបេតុង ស្ថិតក្នុងក្រុម១ ភូមិខ១ សង្កាត់ច្រាំងងចំរេះទី២ ខណ្ឌឫស្សីកែវ។
បន្ថែមពីនេះប្រជាពលរដ្ឋដែលនៅក្បែរទីតាំងកើតហេតុ បាននិយាយតៗគ្នាថា ករណីហិង្សានេះ បានកើតឡើងក៏ព្រោះតែ នៅមុនពេលកើតហេតុ ជនសង្ស័យបានលាក់ «ដាវកែច្នៃ១ដើម» នៅខាងក្រោយខ្នង និងបានដើរសំដៅមកលើផ្លូវបេតុង ដែលជាចំណុចកើតហេតុ ដើម្បីស្រែករកឈ្មោះមេឃម្នាក់ទៀត។ ស្របពេលនោះជនរងគ្រោះនៅក្បែរ ក៏ឆ្លើយតបជំនួសថា មិនឃើញទេ ទើបធ្វើឲ្យជនសង្ស័យខឹងត្រឡោត ថែមទាំងជេរ៍ប្រមាថ ហើយក៏ទាញដាវពីក្រោយខ្នងស្ទុះ ទៅកាប់ជនរងគ្រោះចំដៃ និងដើមទ្រូង ហើយ និងលើផ្ទៃមុខបណ្ដាលឲ្យ រងរបួសហូរឈាមស្រោចខ្លួនតែម្ដង។
ប្រជាពលរដ្ឋ បាននិយាយទៀតថា បន្ទាប់ពីជនសង្ស័យបានកាប់ទៅលើជនរងគ្រោះរួច ក៏ក្រវែងដាវឲ្យឪពុករបស់ខ្លួន យកទៅចោលនៅក្នុងប្រឡាយអូរវែងក្បែរវត្តទួល ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ហើយបម្រុងរត់គេចខ្លួន តែរត់មិនរួចឡើយ ត្រូវបានលោក ហាក់ ប៊ុនថន នាយរងប៉ុស្ដិ៍រួមជាមួយប្រជាការពារសង្កាត់ បានចុះមកអន្តរាគមន៍ទាន់ពេល ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យ ដើម្បីយកទៅសាកសួរ ស្រាប់តែ ត្រូវបានលោក ណុះ សាវី នាយនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី២ ថា ជនរងគ្រោះបានដួលទៅប៉ះលើស័ង្កសីទើបរងរបួសបែបនេះ ដោយជនសង្ស័យ មិនបានកាប់ទៅលើជនរងគ្រោះឡើយ។
ជនសង្ស័យត្រូវបានគេស្គាល់ថា មានឈ្មោះ សោម ចាន់ដាណែត «ហៅពៅ» អាយុ២៧ឆ្នាំ រីឯជនរងគ្រោះមានឈ្មោះ ហិន ដារា អាយុ២១ឆ្នាំ ។ ជនសង្ស័យ និងជនរងគ្រោះបច្ចុប្បន្នស្នាក់នៅក្បែរចំណុចកើតហេតុខាងលើ។ ទោះបីយ៉ាងណា ក្រោយឃាត់ខ្លួន ជនសង្ស័យពាក់ព័ន្ធករណីហិង្សា ដោយចេតនារូបនេះ ត្រូវបាននាំទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមនីតិវិធី៕