(ពោធិ៍សាត់)៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលនៅសេសសល់ពីសម័យសង្គ្រាម ចំនួន២១គ្រាប់ ត្រូវបានអង្គការ Halo Trust យកទៅកម្ទេចចោល ចៀសវាងគ្រោះថ្នាក់ជាយថាហេតុ បន្ទាប់ពីរំដោះចេញពីក្នុងដី លើ៣ទីតាំងផ្សេងគ្នានៅ ស្រុកបាកាន។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិសំសាន្ត ភូមិព្រៃតោ និងភូមិតាលោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន២១គ្រាប់នោះ រួមមាន៖ គ្រាប់បែកដៃ 82-2 ១គ្រាប់, M46 ១គ្រាប់, គ្រាប់បាញ់ប្រភេទ 60mm ៤គ្រាប់, 82mm ២គ្រាប់, 120mm ៥គ្រាប់, B40 ១គ្រាប់, PG7(B69) ១គ្រាប់, PG2 (B40) ១គ្រាប់ និងគ្រាប់ឡង់ប្រភេទ 68mm ៣គ្រាប់, T67 ២គ្រាប់។

ជាមួយគ្នានោះ តំណាងអង្គការ Halo Trust បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទីនោះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បើមានឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ត្រូវរាយការណ៍ជាបន្ទាន់ ទៅកម្លាំងមានសមត្ថកិច្ច ឬអង្គភាពជំនាញ Halo Trust ដើម្បីយកទៅកម្ទេចចោល ជៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយ។

សូមជម្រាបថា អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ចំនួន២លាន៨សែនតោន ដែលរួមមានទាំងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា​ តាមកំទេចពួកយៀកកុង​ យួនឈ្លានពាន​ ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់ សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺន​កន្លែង៕