(ភ្នំពេញ)៖ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានរៀបចំពិធីបំពាក់ឯកសណ្ឋានពេទ្យ និងការធ្វើសច្ចាប្រណិធាន សម្រាប់និស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ៥១៧ នាក់ នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ដោយមានការចូលរួមជាគណៈអធិបតីពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាល សាកលវិទ្យាធិការរង គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងបុគ្គលិកនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ផងដែរ ។
នេះជាលើកទី២ ដែលសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានរៀបចំពិធីបំពាក់ឯកសណ្ឋានពេទ្យ និងការធ្វើសច្ចាប្រណិធាន សម្រាប់និស្សិត នៅក្នុងមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
គួរបញ្ជាក់ផងដែរក្នុងឆ្នាំ២០១៦ និស្សិត១១១៥នាក់ នៅក្នុងមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្របានចូលរួមក្នុងពិធីដ៏មានអត្ថន័យនេះ ដោយឡែកនៅឆ្នាំ២០១៧ នេះនិស្សិតឆ្នាំសិក្សាមូលដ្ឋានទាំងអស់ត្រូវបានអញ្ជើញឲ្យចូលរួម។
គោលបំណងដែលសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ប្រារព្ធពិធីបំពាក់ឯកសណ្ឋានពេទ្យ និងការធ្វើសច្ចាប្រណិធាននេះឡើងគឺដើម្បី៖
* ជំរុញលើកទឹកចិត្តប្អូនៗ ជានិស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឲ្យមានការខិតខំសិក្សាស្រាវជ្រាវស្វែងរកចំណេះដឹង និងជំនាញវិជ្ជាជីវៈពិតប្រាកដ ព្រមទាំងប្រកាន់ខ្ជាប់ នូវឥរិយាបថល្អ និងការផ្តល់តម្លៃមនុស្សធម៌
*ចូលរួមដាស់តឿនក្រើនរំលឹកដល់ប្អូនៗជានិស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឲ្យអនុវត្តអាជីពពេទ្យរបស់ខ្លួន នាថ្ងៃអនាគតប្រកបដោយមនសិការ កិត្តិយស និងសេចក្តីថ្លៃថ្នូរ
*មានភាពមេត្តាធម៌ទៅលើអ្នកជំងឺ
*និងចូលរួមលើកដម្កើងក្រមសីលធម៌វិជ្ជាជីវៈ ក្នុងវិស័យសុខាភិបាលអោយកាន់ប្រសើរឡើង។
ពិធីបំពាក់ឯកសណ្ឋានពេទ្យ និងការធ្វើសច្ចាប្រណិធាននេះ ក៏ជាការរួមចំណែកថ្មីមួយទៀត ដល់ការលើកស្ទួយការ បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលផងដែរ។ ក្នុងពិធីដ៏មានអត្ថន័យនេះ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ក៏បានប្រគល់វិញ្ញាបនបត្រដល់និស្សិតផ្នែកទន្តសាស្ត្រជំនាន់ទី១ចំនួន៤៥នាក់ ដែលបានបញ្ចាប់ការសិក្សារយៈពេល៥ឆ្នាំ ទទួលបានវិញ្ញាបនបត្រថ្នាក់បរិញ្ញាបត្រទន្តសាស្ត្រ ការប្រគល់វិញ្ញាបនបត្រនេះ ដើម្បីលើកទឹកចិត្តដល់និស្សិតក្នុងការសិក្សា និងអាចឲ្យនិស្សិតប្រើប្រាស់វិញ្ញាបនបត្រតាមការចាំបាច់របស់ពួកគាត់។
បន្ទាប់មកសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ក៏មានពិធីចែកប័ណ្ណសរសើរជូនដល់និស្សិតពូកែប្រចាំឆ្នាំចំនួន១១៥នាក់ ដែលមកពីគ្រប់មហាវិទ្យាល័យ នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្តផងដែរ ។ ការចែកជូនប័ណ្ណសរសើរនេះ ជាការសរសើរចំពោះនិស្សិតដែលបានខិតខំរៀនសូត្រកន្លងមក និងជាការលើកទឹកចិត្តដល់និស្សិតពូកែ ព្រមទាំងនិស្សិតទាំងអស់ បន្តការខិតខំប្រឹងប្រែង លើការរៀនសូត្ររបស់ខ្លួនបន្ថែមទៀត ក៏ដូចជាចេះចែករម្លែកចំណេះដឹងរបស់ខ្លួន ជាមួយមិត្តរួមជំនាន់ និងប្អូនៗនិស្សិតជំនាន់ក្រោយ ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សឲ្យកាន់តែមានការរីកចម្រើនមួយកម្រិតទៀត សម្រាប់ប្រទេសកម្ពុជា៕