(កណ្តាល)៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកកណ្តាលស្ទឹង បានថ្លែងថា ប្រជាការពារ និងយុវជន ជាកម្លាំងចលករមុតស្រួច ក្នុងការកសាងការពារ និងអភិវឌ្ឍជាតិមាតុភូមិ។ ការថ្លែងបែបនេះរបស់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយកម្លាំងប្រជាការពារ និងយុវជនទូទាំងស្រុកកណ្តាលស្ទឹង ចំនួន២៤៨៣ នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ។
តាមរបាយការណ៍របស់លោក បូរ ណារ៉េត អភិបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា តាមរយៈការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព និងតាមរយៈវេទិការសាធារណៈបានបំផុសចលនាប្រជាពលរដ្ឋ និងសិស្សនុសិស្សឲ្យបានយល់ដឹង និងមានស្មារតីចូលរួមក្នុងចលនាប្រជាការពារ យ៉ាងសកម្ម និងបានចូលរួមផ្តល់ព័ត៌មានមកអាជ្ញាធរមានសមត្ថកិច្ចគ្រប់ពេវេលា។ ក្នុងត្រីមាសទី១ ឆ្នាំ២០១៧នេះ បទល្មើសព្រហ្មទណ្ឌ កើតមាន ០៩ករណី និងបង្រ្កាបបទល្មើសគ្រឿងញៀនបាន១៧លើក ចាប់ជនសង្ស័យបាន៣៥នាក់។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានថ្លែងថា ការកសាងអភិវឌ្ឍជាតិ គឺមិនអាចកាត់ផ្តាច់បានឡើយពីកម្លាំងរបស់យុវជន និងការចូលរួមពី កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋ។ នាយឧត្តមសេនីយ៍បានបន្តថា កន្លងមកនេះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងការកសាងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការខិតខំថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខសង្គម ព្រមទាំងរក្សាបានកំណើនសេដ្ឋកិច្ចជាតិផងដែរ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា បើគ្មានសុខសន្តិភាព នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុនសែន ទេ ក៏មិនមានអ្វីៗដូចសព្វ ថ្ងៃនេះដែរ។ នាយឧត្តមសេនីយ៍បានជំរុញដល់អាជ្ញាធរដែនដី ប្រជាការពារ និងយុវជន ស្រុកកណ្តាលស្ទឹងទាំងអស់ យកចិត្តទុកដាក់ដល់ការបំរើ សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ចូលរូមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ការពារធានាសន្តិសុខសុវត្ថិភាពឲ្យបានល្អ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ខាងមុខនេះ និងការបង្រ្កាបគ្រឿងញៀនក្នុងមូលដ្ឋានរបស់ខ្លួន ដោយនែនាំដល់ក្រុមគ្រួសារអ្នកប្រើប្រាស់គ្រឿងញៀនផ្សេងៗ ឲ្យរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចទើបសម្រេចបានលទ្ធផល យូរអង្វែងនិងសម្រេចលុបបំបាត់បានបញ្ហាគ្រឿងញៀននេះបាន។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា អាជ្ញាធរដែនដី និងកម្លាំងយុវជន បន្តចូលរួមផ្សព្វផ្សាយគោលនយោយនានារបស់ រាជរដ្ឋាភិបាលដល់ប្រជាពលរដ្ឋបានយល់ដឹងបានច្បាស់ថា មីក្រូហិរញ្ញវត្ថុ គឺជារបស់ឯកជន មិនមែនជារបស់រដ្ឋនោះទេ។
នាយឧត្តមសេនីយ៍ បានពាំនាំអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត យកមកចែកជូនដល់ កងកម្លាំងប្រដាប់ប្រជាការពារ និង ក្រុមយុវជនផងដែរ៕