(កណ្ដាល)៖ ក្រោយមានការចុះផ្សាយករណី ក្រុមឈ្មួញដឹកត្រីពីវៀតណាម បំផ្លាញផ្លូវមួយខ្សែ នៅស្រុកកោះធំ ខេត្តកណ្ដាល ធ្វើដំណើរលែងចង់កើតនោះ, ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានចាត់ឲ្យក្រុមមន្រ្តី ដឹកនាំដោយលោក ប៊ុនហួន អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះត្រួតពិនិត្យដល់មូលដ្ឋានតែម្ដង។
ក្រោយរកឃើញបញ្ហាទាំងនោះហើយ លោកអនុរដ្ឋលេខាធិការ បានជូនព័ត៌មានទៅ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ភ្លាមៗ ហើយលោកទេសរដ្ឋមន្រ្តីបានបញ្ជាក់វិញថា នឹងចាត់ចុះអន្តរាគមន៍វិធានការ លើអ្នកពាក់ព័ន្ធ ពិសេសក្រុមហ៊ុនដឹកត្រី និងក្រុមហ៊ុនដឹកស្រូវនៅទីនោះ។
លោក ប៊ុនហួន បានឲ្យដឹងថា ស្ថានភាពផ្លូវដែលមានបញ្ហានោះ ស្ថិតនៅក្នុងភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ឆ្ងាយពីវត្តព្រែកស្បូវ ប្រហែល៥គីឡូ ចុះពីផ្លូវជាតិលេខ២១ តែស្ថានភាពខូចខាត គំហុក ក្រឡុកសំបុកមាន់ មានតែនៅមុខកសិដ្ឋានចញ្ចឹមត្រីតែប៉ុណ្ណោះ មិនអាក្រក់ដូចការលើកឡើងនោះទេ។ ផ្លូវខ្សែនេះ មួយកំណាត់ប្រវែង១០គីឡូម៉ែត្រ កំពុងធ្វើការជួសជុល និងចាក់កៅស៊ូថ្មី។
លោកថា ផ្លូវមួយខ្សែនោះ ត្រូវបានជួសជុលដោយក្រុមហ៊ុនចំនួន២ រួមមាន ក្រុមហ៊ុនដឹកស្រូវនៅមូលដ្ឋាននោះ និងក្រុមហ៊ុនដឹកត្រី ពីតំបន់នោះ ឡើងមកភ្នំពេញ ហើយមិនមានប្រជាពលរដ្ឋរស់នៅច្រើននោះទេ មានតែមូលដ្ឋានកងវរៈការពារព្រំដែន និងគ្រួសារនគរបាល ព្រោះទីនោះជាច្រករបៀង ជាប់ព្រំដែនវៀតណាម។
ក្រុមការងាររបស់លោក ប៊ុនហួន បានរកឃើញថា មូលហេតុដែលបណ្ដាលឲ្យខូចផ្លូវនោះ គឺមកពីរថយន្តដឹកស្រូវលើសទម្ងន់ធ្ងន់ពេក ឯរថយន្តដឹកត្រីធ្វើឲ្យកំពប់ទឹកត្រីស្រោចលើផ្លូវទៀត ទើបបណ្តាលឲ្យបែកភក់។
តែទោះជាយ៉ាងណា អនុរដ្ឋលេខាធិការរូបនេះ បានជូនព័ត៌មានទៅ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រួចហើយ ហើយលោកទេសរដ្ឋមន្រ្តី នឹងបញ្ជាឲ្យក្រុមមន្រ្តីនាំជញ្ជើងចល័ត ចុះទៅអន្តរាគមន៍នៅទីនោះភ្លាម ដើម្បីត្រួតពិនិត្យរថយន្តណា ដែលដឹកលើសទម្ងន់។
លោក ប៊ុនហួន បានពិភាក្សាជាមួយអភិបាលស្រុកកោះធំរួចហើយ ដើម្បីធ្វើការណែនាំដល់ម្ចាស់ក្រុមហ៊ុនទាំង២នោះ ធ្វើយ៉ាងណាកុំឲ្យកំពប់ទឹកលើផ្លូវដូចមុន និងត្រូវលប់គំហុកទាំងឡាយ ដែលមាននៅមុខកសិដ្ឋានរបស់ខ្លួននោះ។
សូមជម្រាបថា នៅព្រឹកថ្ងៃនេះ មានប្រជាពលរដ្ឋជាច្រើនគ្រួសារ ជាពិសេសក្មេងសិស្សសាលាតូចៗ រស់នៅស្រុកកោះធំ ខេត្តកណ្តាល បានត្អូញត្អែរយ៉ាងខ្លាំង ចំពោះស្ថានភាពផ្លូវមួយខ្សែ នៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រៀបដូចជា ផ្លូវទៅកាន់ឋានរកអញ្ចឹង ដោយសារតែក្រុមឈ្មួញរកស៊ីដឹកត្រី នាំមកពីវៀតណាម យកមកចែកចាយនៅភ្នំពេញ បានបំផ្លាញផ្លូវធ្វើដំណើរលែងចង់កើតទៅហើយ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើ បានថតរូបផ្ញើមកកាន់អង្គភាពព័ត៌មាន Fresh News សុំឲ្យជួយចុះផ្សាយពីស្ថានភាពផ្លូវមួយខ្សែនេះ ដើម្បីដឹងដល់អភិបាលខេត្តកណ្តាល និងប្រធានក្រុមការងារចុះជួយឃុំនេះផង ពីព្រោះវាស្ទើរតែកន្លះជីវិតទៅហើយ ដែលក្រុមឈ្មួញបានដឹកត្រី តាមររយៈរថយន្តធំៗបំផ្លាញអស់ហើយ។ បើតាមប្រជាពលរដ្ឋ ឈ្មួញដែលរកស៊ីដឹកត្រីបំផ្លាញផ្លូវនេះ មានឈ្មោះ យូ រកស៊ីយូរឆ្នាំមកហើយ។ សម្រាប់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចវិញ គ្មានសិទ្ធិអំណាចទៅហាមឃាត់ការដឹកត្រី តាមរថយន្តធំៗទាំងនេះឡើយ។
ប្រជាពលរដ្ឋបាននិយាយថា ឈ្មួញឈ្មោះ យូ នេះ បាននាំត្រីប្រភេទត្រីរ៉ស់ ត្រីឆ្តោ ត្រីទីឡាប់យ៉ា... ពីវៀតណាម មកស្តុកទុកនៅក្នុងទឹកស្រះរបស់ខ្លួន រួចហើយបន្តដឹកទៅចែកចាយនៅភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត។
ប្រជាពលរដ្ឋសង្ឃឹមថា ថ្នាក់ដឹកនាំខេត្តកណ្តាល នឹងជួយដោះស្រាយបញ្ហានេះជាក់ជាមិនខានឡើយ ដើម្បីកុំឲ្យរាស្រ្តរស់នៅ និងធ្វើដំណើរក្នុងរូបភាពលំបាកបែបនេះទៀត ពីព្រោះជិតដល់រដូវកាលបោះឆ្នោតផង៕