(ភ្នំពេញ)៖ មន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧នេះ បានបញ្ជូនខ្លួនជនសង្ស័យ៥នាក់បន្ថែមទៀត ក្នុងករណីជួញដូរគ្រឿងញៀន ដ៏ធំសម្បើមមួយជាមួយនឹងជិត៣គីឡូក្រាម ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ខណៈជនសង្ស័យ២នាក់មុន ត្រូវតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស។
ជនសង្ស័យជូនដូរគ្រឿងញៀនទាំង៧នាក់ ត្រូវបាននគរបាលនៃមន្ត្រីប្រឆាំងគ្រឿងញៀន (ក៤) ដឹកនាំដោយឧត្តមសេនីយ៍ត្រី ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាផ្ទាល់ របស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ព្រមទាំងមានការចង្អុលបង្ហាញ ពីឧត្តមសេនីយ៍ឯក ខៀវ សាម៉ន ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន នឹងមានការសម្របសម្រួលនីតិវិធី ដោយព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានបើកប្រតិបត្តិការបង្ក្រាប ជាបន្តបន្ទាប់នៅ៣គោលដៅផ្សេងគ្នា នៅរាជធានីភ្នំពេញ។
មន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ឃាត់ខ្លួនជនសង្ស័យ៧នាក់ (ស្រី៣នាក់) ក្នុងនោះជនជាតិចិន ជនជាតិខ្មែរ និងវៀតណាមចា ប់យកសារធាតុញៀនទម្ងន់ ២,៧០៨.៥១ក្រាម (ជិត៣គីឡូក្រាម) ក្នុងនោះមាន៖ ហេរ៉ូអ៉ីនទម្ងន់ ១,៧៦៥.៨៦ក្រាម, ម៉េតំហ្វេតាមីនគ្រាប់ (WY) ទម្ងន់៤៦៥.១៥ក្រាម, ម៉េតំហ្វេតាមីន (ICE) ទម្ងន់១៥៤.៣៨ក្រាម, អ៉ិចស្តាស៉ីទម្ងន់ ៣២៣.១២ក្រាម និងកញ្ឆាក្រៀម ២៣.០៣ក្រាម រួមនឹងរថយន្ត២គ្រឿង អាវុធខ្លី១ដើម គ្រាប់៤៩គ្រាប់ និងជញ្ជីងថ្លឹងគ្រឿងញៀន៤គ្រឿង។
ឧត្តមសេនីយ៍ត្រី ឃឹង សារ៉ាត់ ដែលដឹកនាំការបង្ក្រាបនេះ បានបញ្ជាក់ថា ករណីបង្ក្រាបគ្រឿងញៀនជាបន្តបន្ទាប់នេះ ចាប់ផ្តើមតាំងពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នៅម៉ោង៨៖១៥នាទីយប់ មន្ត្រីនគរបាលបាន បង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចផ្លូវលំ ភូមិព្រៃកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យ២នាក់ ទី១៖ ឈ្មោះ នុត កែវរចនា ភេទប្រុសជនជាតិខ្មែរ និងទី២ ឈ្មោះ វ៉ូ ហ័រស៉ិន ភេទស្រី ជនជាតិចិន។
លោកបន្តថា បន្ទាប់មកជនសង្ស័យទាំង២នាក់នោះ បានបង្ហាញតម្រុងមេខ្លោងជួញដូរគ្រឿងញៀន ក៏ឈានដល់ការបង្ក្រាបនៅម៉ោង១២៖៣០នាទីយប់ ឈានចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ នៅចំណុចបន្ទប់លេខ៨២៧ ជាន់ទី៨ ខុនដូរបុរីសែនសុខ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ទី១៖ ឈ្មោះ ផាន់ វ៉ាន់គី ហៅឡុង ភេទប្រុស ជនជាតិវៀតណាម និងស្ត្រី២នាក់ទៀត។ ក្រោយមកទៀត នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ ក៏ឈានដល់ការបង្ក្រាបមេខ្លោងជួញដូរគ្រឿងញៀន នៅចំណុចខុនដូរ វិមានកូលាប ស្ថិតក្នុងខណ្ឌចំការមន ឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត ដែលជាជនជាតិចិន។
លោក ឃឹង សារ៉ាត់ បានបញ្ជាក់ថា ជនសង្ស័យ២នាក់ ដែលបានបង្ក្រាបកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ នៅសង្កាត់ជើងឯក ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃស។
ដោយឡែក លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា សុំណុំរឿងជួញដូរគ្រឿងញៀនដែលមានជនសង្ស័យ៥នាក់នោះ ស្ថិតក្នុងដៃលោកព្រះរាជអាជ្ញារង សៀង សុខ ដោយកំពុងពិនិត្យឯកសារ ភស្តុតាង និងសួរចម្លើយជនសង្ស័យទាំង៥នាក់ នៅថ្ងៃស្អែកបន្តទៀត៕