(បន្ទាយមានជ័យ)៖ ចេញពីខេត្តស្ទឹងត្រែង រថយន្តសម្អាតផ្លូវទាំងពីរគ្រឿង របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានបន្តដំណើរទៅខេត្តបន្ទាយមានជ័យ ដោយជួយសម្អាតផ្លូវក្នុងខេត្ត ពីថ្ងៃទី៣ រហូតដល់ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧។
លោកម៉ែន សោភ័ណ អភិបាលរងក្រុងប៉ោយប៉ែតបានមានប្រសាសន៍ថា «រដ្ឋបាលក្រុង កងកម្លាំងមូលដ្ឋាន កងប្រជាការពារ និងយុវជនស.ស.យ.ក.ក្រុងប៉ោយប៉ែត កំពុងត្រៀមយុទ្ធនាការ សម្អាតបរិស្ថានក្នុងក្រុងប៉ោយប៉ែត ដើម្បីស្វាគមន៍ឆ្មាំថ្មីស្រាប់ ដូច្នេះការបញ្ជូនរថយន្តសម្អាតទាំងពីរគ្រឿងនេះមកក្រុងប៉ោយប៉ែត ពិតជាជួយសម្រួលដល់ការងារសម្អាតក្រុងយើងបានច្រើន»។
លោកឧកញ៉ា លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានថ្លែងថា រថយន្តសម្អាតផ្លូវធុនធ្ងន់ទាំងពីរគ្រឿងនេះ នឹងសម្អាតក្នុងក្រុងសំខាន់ៗ ពីររបស់ខេត្តបន្ទាយមានជ័យ គឺក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ។
លោកបន្ដថា «ក្រុមហ៊ុនពិតជាមានមោទនភាពដែលបានរួមចំណែកធ្វើឲ្យបរិស្ថានខេត្តស្អាតល្អ ហើយបរិស្ថានល្អ នឹងធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ មានសុខភាពល្អផងដែរ» ក្រោមយុទ្ធនាការ «ទីក្រុងស្អាត សុខភាពល្អ» ក្រុមហ៊ុននឹងបញ្ជួនរថយន្តទាំងពីរគ្រឿងទៅជួយសម្អាតផ្លូវនៅគ្រប់ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជារយៈពេលពេញមួយឆ្នាំ»។
ខេត្តបន្ទាយមានជ័យ ជាខេត្តទីបីហើយ ដែលក្រុមហ៊ុនខ្មែប៊ែវើរីជីស បានបញ្ជួនរថយន្តសម្អាតផ្លូវទៅដល់ ហើយក្រុមហ៊ុនខ្មែប៊ែវើរីជីស នឹងបញ្ជូនរថយន្តសម្អាតផ្លូវទាំងពីរគ្រឿងនេះ ទៅសម្អាតក្នុងក្រុងសៀមរាប ដើម្បីត្រៀមប្រារព្ធពិធីបុណ្យអង្គរសង្រ្កាន នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕