(ភ្នំពេញ)៖ អ្នករៀបចំកម្មវិធីសិល្បៈដ៏ល្បី នៅក្នុងប្រទេសកម្ពុជា លោក គួច ខេវិន បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន ចំពោះកំពូលតារាចម្រៀងដ៏ល្បីរបស់ប្រទេសកូរ៉េ ដែលបានមកច្រៀង នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧កន្លងទៅ ខណៈដែលវត្តមានរបស់តារា K-pop រូបនេះ ត្រូវទទួលរងនូការរិះគន់ពីមហាជន ច្រើនជាងការសរសើរ។ តើលោក គួច ខេវិន និយាយអ្វីខ្លះ ពីកំពូលតារាចម្រៀង Rain ដែលរងការរិះគន់ ពេលមកច្រៀងនៅកម្ពុជា?
ការប្រគំតន្ដ្រី «Smart Mega Concert» ដែលបានរៀបចំនៅមជ្ឈមណ្ឌុលកោះពេជ្រ កាលពីថ្ងៃទី៣០ ខែមីនា២០១៧នោះ ពិតជាបានធ្វើឲ្យទស្សនិកជន ពិសសេសយុវវ័យកម្ពុជាជាច្រើន បានរំជើបរំជួលជាខ្លាំង ព្រោះតែមានការចូលរួមពី កំពូលតារាចម្រៀង K-POP របស់កូរ៉េលោក Rain។ តាមរយៈការលើកយកបទដ៏ល្បីល្បាញ៦បទ មកអង្រួនបេះដូងយុវវ័យកម្ពុជា មានដូចជាបទ «La Song,Rainism,Love Song» ជាដើមនោះ លោក Rain ទទួលបានការស្វាគមន៍ជាច្រើនពី Fan ដែលប្រជ្រៀតគ្នាទស្សនាផ្ទាល់ ដើម្បីបានទស្សនា តារាល្បីរូបនេះច្រៀងសម្ដែង និងមានក្បាច់រាំយ៉ាងរស់រវើកគួរឲ្យជក់ចិត្ត។
ប៉ុន្ដែទន្ទឹមនឹងនោះ ក៏មានអ្នកខ្លះបានរិះគន់លោក Rain ថា មកកម្ពុជាលើកនេះ ទឹកមុខហាក់ស្រងូតស្រងាត់ មិនសប្បាយចិត្តទាល់តែសោះ ហើយគ្រាន់តែច្រៀងចប់ភ្លាម Rain រត់ចូលឡានបាត់ ដោយមិនបានថ្លែងអំណរគុណ ដល់ Fan បន្ដិចសោះ សូម្បីតែពិធីករ ក៏មិនបានសម្ភាសន៍ ពីចំណាប់អារម្មណ៍តារាចម្រៀងកូរ៉េរូបនេះ មកកម្ពុជាផង។ ខ្លះទៀត បានលើកឡើងថាលោក Rain មានទឹកមុខក្រៀមបែបនេះ ដោយសារតែនៅថ្ងៃនោះចំថ្ងៃ ដែលភរិយារូបស្អាតនាង Kim Tae Hee ធ្វើខួបកំណើត ហើយលោកមិនបានចូលរួម ខួបកំណើតប្រពន្ធ ទើបបានជាមិនសូវស្រស់ថ្លាបែបនេះ។
ជុំវិញការរិះគន់ លើតារាចម្រៀង និងសម្ដែងហូលីវូដ ដែលមកច្រៀងនៅកម្ពុជាជា លើកទី១នេះ លោក គួច ខេវិន ជាអ្នកផលិតកម្មវិធីទូទស្សន៍ ដ៏ល្បីល្បាញ ហើយធ្លាប់មានបទពិសោធន៍ នាំតារាលំដាប់ថ្នាក់ពិភពលោកជាច្រើននាក់ មកច្រៀង និងសម្ដែងនៅកម្ពុជាមានដូចជាលោក Michael Learns To Rock ,Ronan Keating ,Sean Kingston រួមទាំងតារាកូរ៉េ K-Pop ជាច្រើនដួងហើយនោះ ក៏ជាអ្នកដែលស្និទ្ធ និងក្រុមការងាររបស់លោក Rain នោះ បានចេញមុខឆ្លើយតប ចំពោះទស្សនិកជនមួយចំនួន ដែលបានរិះគន់លោក Rain ដែលបង្ហាញឫកពារហាក់ឆ្មើងឆ្មៃ មកលើអ្នកគាំទ្រកម្ពុជានេះ។
លោក ខេវិន បានប្រាប់ នៅថ្ងៃនេះថា «ប្រសិនបើគេមិនស្រឡាញ់ គេមិនចូលចិត្តទស្សនិកជនខ្មែរ នោះគេនឹងមិនមកសម្ដែង នៅកម្ពុជាឡើយ។ នេះជាពាក្យដែលយើងគួរតែយល់ និងគួរតែពិចារណា។ សម្រាប់ខ្ញុំយល់ថា ការមកច្រៀងសម្ដែងរបស់លោក Rain មកកម្ពុជាលើកទី១នេះ គឺជាមោទនភាពខ្លាំងណាស់ សម្រាប់កម្ពុជា ដែលមានតារាលំដាប់អន្ដរជាតិ មកពីប្រទេសកូរ៉េខាងត្បូង អញ្ជើញមកសម្ដែង ដើម្បីបំរើអារម្មណ៍ទស្សនិកជន និង Fan របស់គាត់នៅក្នុងប្រទេសរបស់យើង។ ចំពោះការរិះគន់លោក Rain ថា ឆ្មើងឆ្មៃច្រៀងចប់ មិនបានជម្រាបលាមួយម៉ាត់នោះ គឺជារឿងគួរឲ្យខ្មាសអៀនទៅវិញទេ ព្រោះតែយើងមិនបានដឹងថា មានរឿងអ្វីនៅពីក្រោយខ្នងរឿងទាំងនោះ។ យើងគួរតែដឹងឲ្យបានច្បាស់សិន មុននឹងការធ្វើវិនិច្ឆ័យ ទៅលើរឿងអ្វីមួយ ព្រោះតាមពិតលោក Rain ចង់ច្រៀងថែម២បទទៀត តែខាងអ្នករៀបចំកម្មវិធី តម្រូវឲ្យគាត់ឈប់ ព្រោះតែមេឃជិតធ្លាក់ភ្លៀង អាកាសធាតុមិនអំណោយផល ទើបខាងប៉ុស្ថិ៍អាស៊ីអាគ្នេហ៍ បញ្ជាឲ្យគាត់ឈប់ហើយ Rain ប្រញ៉ាប់ចូលឡានហើយគ្មាន បានជម្រាបលាមួយម៉ាត់ហ្នឹង!»។
លោក Rain ដែលខ្មែរយើងហៅថា «លី យ៉ុងចេ»នោះ មានព័ត៌មានក្រៅផ្លូវការថា សម្រាប់ការច្រៀង៦បទនោះ ទទួលបានតម្លៃខ្លួន១៨ម៉ឺនដុល្លារ (១បទ៣ម៉ឺនដុល្លា) គឺតម្លៃខ្លួននេះ ទាបជាងប្រទេសជិតខាង ដែល Rain សម្ដែង ព្រោះតែក្នុងន័យសប្បុរសធម៌ តែតម្លៃខ្លួននេះ ត្រូវបានលោក «ហាក់» ដែលតំណាងឲ្យក្រុមហ៊ុន ស្មាត បញ្ជាក់ថា មិនដឹង ឬមិនហ៊ាននិយាយឡើយ។ តាមប្រភពថាការដែល លោក Rain មានការស្វាគមន៍ពី Fan នៅកម្ពុជាជាច្រើន ក្នុងការមកលើកទី១នេះ តារាលំដាប់អន្ដរជាតិរូបនេះ នឹងគ្រោងមកសម្ដែងជាលើកទី២ នៅកម្ពុជាជាលើកទី២ទៀត នាពេលខាងមុខនេះ ដើម្បីសប្បុរសធម៌ ហើយថវិកាមួយចំនួន នឹងបង្វិលមកជួយមន្ទីពេទ្យគន្ធបុប្ផា។
លោក គួច ខេវិន បញ្ជាក់ថា «តាមខ្ញុំដឹងពីក្រុមការងារ លោក Rain គាត់បានប្រាប់ថា លោក Rain ប្រាកដជានឹងមកកម្ពុជាជាលើកទី២ ក្នុងពេលខាងមុខនេះមែន ព្រោះលោកសប្បាយចិត្ត ដែលមាន Fan ជាច្រើនទៅគាំទ្រ។ តាមរយៈក្រុមការងារលោក Rain សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូនគាំទ្រទាំងអស់ និងសូមខន្តីអភ័យទោស រាល់កំហុសឆ្គង ដោយអចេតនា ហើយគាត់បានសន្យាថា នឹងត្រឡប់មកវិញ ដើម្បីធ្វើការប្រគំតន្រ្ដីដ៏ធំមួយ ដែលនឹងមានការអញ្ជើញចូលរួម ពីតារាចម្រៀងពីតារាល្បីរបស់កម្ពុជា សម្រាប់សប្បុរសធម៌ ដើម្បីរកថវិកាជួយដល់កុមារកំព្រា និងមន្ទីពេទ្យគន្ធបុប្ផា!»៕