នៅល្ងាចថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសាអាហារសាមគ្គីជាមួយកីឡាករ កីឡាការិនី អត្តពលិក និងមន្រ្តី នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាង៣ពាន់នាក់
04-04-2017 16:49
(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញពិសាអាហារសាមគ្គី ជាមួយកីឡាករ កីឡាការិនី អត្តពលិក និងមន្រ្តី នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ជាង ៣ពាន់នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ។
សូមបញ្ជាក់ថា ឆ្នាំ២០១៧នេះ គឺជាឆ្នាំទី២ហើយ ដែលសម្តេចតេជោ ហ៊ុន សែន រៀបចំឲ្យមានការពិសារអាហារជុំគ្នាជាមួយកីឡាករ កីឡាការិនី និងអត្តពលិកនៅកម្ពុជា។ ការជួបជុំពិសារអាហារនេះ ក៏ជាឱកាសមួយដែលសម្តេចបានសំណេះសំណាលសាកសួរសុខទុក្ខ និងផ្តល់ដំបូន្មានមួយចំនួន ដល់កីឡាករ កីឡាការិនី និងអត្តពលិកកម្ពុជា ឲ្យពួកគេប្រឹងប្រែងដុសខាតសមត្ថភាព ដើម្បីឈានឆ្ពោះទៅចូលរួមការប្រកួតស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេមើលឃើញថា កំពុងបានដាក់ចេញនូវយុទ្ធសាស្រ្តសំខាន់ៗជាច្រើន ដើម្បីពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី និងអត្តពលិកកម្ពុជា។ ជាក់ស្តែងកាលពីឆ្នាំ២០១៦កន្លងទៅនេះ សម្តេចបានបង្កើតឲ្យមានការប្រកួតកីឡាជាតិជាលើកដំបូង ហើយតែងតែបំផុសស្មារតី ឲ្យមានការគាំទ្រដល់វិស័យកីឡានៅកម្ពុជា។
តាមរយៈសកម្មភាពគាំទ្រ និងអភិវឌ្ឍន៍លើវិស័យកីឡានេះ នៅខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន ត្រូវបានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ផ្តល់ជូននូវពានរង្វាន់ «ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ» ដែលជាពានរង្វាន់ដ៏កម្រមួយក្នុងវិស័យកីឡា៕