(កណ្តាល)៖ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការអាវុធហត្ថខេត្តកណ្ដាល រួមជាមួយថ្នាក់ដឹកនាំអាវុធហត្ថគ្រប់ជាន់ថ្នាក់ មកពីស្រុកល្វាឯម ស្រុកខ្សាច់កណ្តាល និងស្រុកមុខកំពូល នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ នាំយកថវិកាចែកជូននាយ-នាយរងកងរាជអាវុធហត្ថ និងអតីតយុទ្ធជន ដែលមានជំងឺ និងមានជីវភាពខ្វះខាត ចំនួន៨គ្រួសារ។
ការយកចិត្តទុកដាក់ចំពោះមន្រ្តីក្រោមឱវាទបែបនេះ គឺអនុវត្តតាមការដឹកនាំ និងចង្អុលបង្ហាញពីសំណាក់ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមជាមួយអនុសាសន៍របស់ លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ដែលជានិច្ចកាលថ្នាក់ដឹកនាំទាំង៣ តែងតែយកចិត្តទុកដាក់ខ្លាំង ចំពោះសុខទុក្ខរបស់មន្រ្តីរាជការទូទាំងប្រទេស។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បានពាំនាំនូវថវិកា ជាង៨លានរៀល អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ទឹកក្រូច ដែលជាថវិកាផ្ទាល់ របស់លោកឧត្តមសេនីយ៍ត្រី និងការចូលរួមពីលោកមេបញ្ជាការរង លោកនាយរងសេនាធិការ លោកប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការអាវុធហត្ថស្រុកល្វាឯម ស្រុកខ្សាច់កណ្តាល និងស្រុកមុខកំពូល ឧបត្ថម្ភជូនដល់គ្រួសារមន្រ្តីអាវុធហត្ថ ដែលមានជំងឺ និងមានជីវភាពខ្វះខាត ជួបការលំបាក ទាំង៨គ្រួសារនោះ៕