(ភ្នំពេញ)៖ សំណុំរឿងសុំបញ្ជាក់មោឃភាពបណ្ដាំមរតកមួយ នៅសាលាដំបូងរាជធានីភ្នំពេញ ដែលតុលាការមិនទាន់​សម្រេចបែបណានៅឡើយផង ស្រាប់តែភាគីម្ខាងទៀតបានប្រើអំណាចខ្លួន ប្រើប្រាស់គ្រឿងចក្រ ចាក់ដី ឈូសឆាយ ធ្វើឲ្យបែកបាក់លូស្ទះទឹកសំអុយប៉ះពាល់ដល់មរតក នៃភាគីម្ខាងទៀត ក៏ដូចជាប្រជាពលរដ្ឋ រស់នៅក្បែរខាង បែរជាអាជ្ញាធរ
មូលដ្ឋានមើលរំលង ធ្វើមិនដឹង ធ្វើមិនឃើញទៅវិញ ខណៈអ្នកដែលរងផលប៉ះពាល់ បានដាក់ប្ដឹងទៅសាលាសង្កាត់បឹងកក់២ និងសាលាខណ្ឌទួលគោក សុំឲ្យជួយទប់ស្កាត់ តែស្ងាត់ឈឹងទៅវិញ។

ដោយសារតែអាជ្ញាធរព្រងើយកន្តើយ ឬដូចជាខ្លាចអំណាច​បែបនេះហើយ បានជាភាគីម្ខាងទៀត មិនហ៊ានចុះទៅហាមឃាត់ ធ្វើឲ្យភាគីដែលបំពានគេកាន់តែបានចិត្តផ្គើនដាក់ប្រជាពលរដ្ឋ ត្រង់ចំណុចដីទំនាស់ស្ទើរតែផ្ទុះហិង្សាម្ដងៗ ប្រសិនជានៅតែបណ្ដែតបណ្ដោយដូចនេះតទៅទៀត។

ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ លោកស្រី សួស បូផា អាយុ៥៥ឆ្នាំ មានទីលំនៅលេខ១៥ ផ្លូវ៦១០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក បានដាក់ពាក្យបណ្ដឹងមកសាលាដំបូង មានកម្មវត្ថុ សុំឲ្យបញ្ជាក់ពីភាពមោឃៈ នៃបណ្ដាំមរតកសាសន៍ ចុះថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០១០ របស់ឈ្មោះ សួស ខេត្រ ដោយមានសហចុង ចម្លើយឈ្មោះ សួស ពៅ និងឈ្មោះ សួស សាឯម។

ប្រភពបន្តឲ្យដឹងថា តាមបណ្ដឹងរបស់ឈ្មោះ សួស បូផា បញ្ជាក់ថា កាលពីឆ្នាំ ២០១១ លោក សួស ខេត្រ ជាឪពុកបានទទួលមរណៈភាព ដោយបន្សល់ទុក កូនស្រី២នាក់ គឺឈ្មោះ សួស បូផា និងឈ្មោះ សួស ពៅ ប៉ុន្តែមុនទទួលមរណៈភាព លោក សួស ខេត្រ បានទុកនូវបណ្ដាំមរតក បែងចែកដីមួយដុំឲ្យបងប្អូនស្រីទាំង២ នៅថ្ងៃទី០៥ និងថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០០៩ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៦១០ ក្រុម១០០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយមានអាជ្ញាធរដឹងលឺផងដែរ។

ស្រាប់តែពេលលោក សួស ខេត្រ ស្លាប់ទៅលិចចេញនូវបណ្ដាំមរតកថ្មី ស្រឡាងមួយទៀត វាយកុំព្យូរទ័រ ខុសពីបណ្ដាំមរតកចុះថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០០៩ ដោយបណ្ដាំថ្មីនេះ មិនមាន
ចុះថ្ងៃខែនិងហត្ថលេខារបស់លោក សួស ខេត្រ ទេទើបលោកស្រី សួស បូផា បានប្ដឹងសុំឲ្យតុលាការបញ្ជាក់ ប៉ុន្តែពេលតុលាការមិនទាន់សម្រេចយ៉ាងណា ចំពោះបណ្ដឹងនេះ ស្រាប់តែ
លោកវរៈសេនីយឯក កែវ វឿន មន្ត្រីនគរបាល នៃអគ្គស្នងការដ្ផាននគរបាលជាតិ ជាប្ដីរបស់លោកស្រី សួស ពៅ បានប្រើប្រាស់គ្រឿងចក្រ ធុនធ្ងន់ចូលចាក់ដី ឈូសឆាយធ្វើឲ្យប៉ះពាល់
មរតក ដែលកំពង់បែងចែក មិនទាន់ដាច់ស្រេចនោះទៅវិញ ។

ជាងនេះទៀតការឈូសឆាយនោះ បានធ្វើឲ្យបាក់បែកលូបង្ហូរទឹកសំអុយ ធ្វើឲ្យស្ទះទឹកជន់លិច អ្នកនៅក្បែរខាងជាហេតុធ្វើ​ឲ្យលកស្រី សួស បូផា និងអ្នកក្បែរខាងដាក់ពាក្យប្ដឹងទៅសាលាសង្កាត់បឹងកក់២ផង សាលាខណ្ឌទួលគោកផង សុំឲ្យជួយទប់ស្កាត់ការរំលោភបំពាននោះ តែខាងអាជ្ញាធរបែរជាធ្វើមិនដឹងមិនលឺ មិនរវល់អ្វីទាំងអស់ តើត្រូវឲ្យប្រជាពលរដ្ឋ
ទៅរំពឹងលើនរណាទៀត ក្រៅពីអាជ្ញាធរដែលជាអាណាព្យាបាលនោះ៕